ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖រុស្ស៊ីនិងចិនទើបបញ្ចប់សមយុទ្ធទ័ពជើងទឹកនៅក្នុងសមុទ្រចិនខាងកើត ក្រោយការហ្វឹកហាត់រួមគ្នាអស់មួយសប្តាហ៍ដែលរួមមានការអនុវត្តស្ទាក់ចាប់នាវាមុជទឹករបស់សត្រូវក្នុងការប្រដេញក្នុងជំរៅសមុទ្រ និងការបាញ់កាំភ្លើងធំសំដៅនាវាចម្បាំង នេះបើតាមក្រសួងការពារជាតិរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធចាប់ពីថ្ងៃ២១ដល់២៧ធ្នូឈ្មោះថា«អន្តរសកម្មក្នុងសមុទ្រឆ្នាំ២០២២»រួមមានកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ីនិងត្រូវបានអនុវត្តនៅក្នុងដែនទឹកនៅឯនាយក្រុងចូសាន(Zhoushan)និងថាយចូ(Taizhou)ក្នុងខេត្តជេជាំង(Zhejiang)របស់ចិន ។
ចំណែកក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «ក្រុមនាវាទៅពីកងនាវាប៉ាស៊ីហ្វិកនិងកងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិនបានបញ្ចប់ការងារហ្វឹកហាត់ក្នុងក្របខណ្ឌសមយុទ្ធទ័ពជើងទឹកទ្វេភាគី។នាវានៃប្រទេសទាំងពីរ ជាមួយនឹងការគាំទ្រពីកងយន្តហោះប្រឆាំងនាវាមុជទឹក បានធ្វើការស្វែងរកនាវាមុជទឹករួមគ្នា និងបានបាញ់គ្រាប់ចូលទឹក»។
ក្រសួងបានចេញផ្សាយវីដេអូដែលបង្ហាញនាវារុស្ស៊ីនិងចិនមួយក្រុមនៅក្នុងសមុទ្រចិនខាងកើត ដោយទាហានជើងទឹករុស្ស៊ីនិយាយជាភាសាចិនទៅកាន់សមភាគីចិនរបស់គេ ហើយនាវារុស្ស៊ីបានបាញ់កាំជ្រួច។
ដោយស្ថិតក្រោមសម្ពាធជុំទិសនិងទណ្ឌកម្មពីលោកខាងលិច រុស្ស៊ីឥឡូវចាប់ដៃគូជាមួយចិនដើម្បីទប់ទល់ការគំរាមដឹកនាំដោយអាម៉េរិក៕