ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការយល់អំពីច្បាប់ យល់អំពីនីតិវិធី យល់ពីរបៀបសរសេរព័ត៌មាន ធ្វើឱ្យយើងមានឥទ្ធិពលមួយ ហើយការគោរពវិជ្ជាជីវៈ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន និងធ្វើឱ្យអ្នកសារព័ត៌មានមានតម្លៃ។ ការបញ្ជាក់នេះ ក្នុងសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា “គេសួរថាធ្វើយ៉ាងម៉េចឲ្យសារព័ត៌មាន មានតម្លៃ ? អ្នកសារព័ត៌មានគោរពវិជ្ជាជីវៈ វិជ្ជាជីវៈគឺជាអាវក្រោះ សម្រាប់អ្នកសារព័ត៌មាន យើងឱ្យតម្លៃ គឺការគោរពវិជ្ជាជីវៈរបស់យើង គឺយើងមានតម្លៃ។ ការសរសេររបស់យើងវាខ្ពស់ ។ការសរសេររបស់យើង។ ការវិភាគរបស់យើង ។ការលើកយកមុំរបស់យើងមកសរសេរ គឺប្រើពាក្យមួយៗសំខាន់ណាស់ ហើយត្រូវចាំថា ឥឡូវនេះពាក្យមួយម៉ាត់ៗមានតម្លៃ សរសេរវែងជួនកាលអត់មានអ្នកណាមើលទេ ។សរសេរខ្លីតិចគេមើលច្រើន នេះគឺសំខាន់ណាស់”។
លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការយល់អំពីច្បាប់ យល់អំពីនីតិវិធី យល់ពីរបៀបសរសេរ ធ្វើឱ្យយើងមានឥទ្ធិពលមួយ។
សូមជម្រាបថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា រៀបចំធ្វើសិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី “តួនាទីប្រព័ន្ធផ្សព្វផ្សាយនិងការបោះឆ្នោតនៅកម្ពុជា » នៅរាជបណ្ឌិត្យសភាកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃពុធ-ព្រហស្បតិ៍ ថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២២។
សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅ កម្ពុជា និង តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត។ លើកកម្ពស់សមត្ថភាពវិភាគបរិបទនិងដំណើរការ បោះឆ្នោតនៅកម្ពុជា។ លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត។ ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។ លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគនិងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត ។ រួមចំណែក លើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ន នៅកម្ពុជា។ រួមចំណែកប្រឆាំងនឹង ព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយ លាក់កំបាំងនិងបើកចំហណាមួយពីមហាអំណាចខាងក្រៅ៕សរន/R