ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យៈ អ្នកស្រី ហែម ស៊ីណាត ជាគ្រូអក្ខរកម្ម អាយុ ៥៦ ឆ្នាំ មានលំនៅនៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលជាបេក្ខនារីវ័យចំណាស់ជាងគេនៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នាមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានអះអាងថា នឹងមិនបោះបង់បំណងរបស់អ្នកស្រីឡើយទោះជាសម័យប្រឡងលើកនេះបរាជ័យក៏ដោយ។​

អ្នកស្រី ហែម ស៊ីណាតបានប្រាប់កាសែតរស្មីកម្ពុជាកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២ថា ចំពោះលទ្ធផលប្រឡង អ្នកស្រីបានដឹងមុនទៅហើយថា មិនអាចជាប់ទេ ដល់លទ្ធផលពិតជាធ្លាក់មែន ប៉ុន្តែការខកចិត្តនេះ ត្រូវបានជំនួសដោយក្តីរំភើបនឹងប្រាក់ឧបត្ថម្ភលួងចិត្តនូវថវិកាចំនួន១០លានរៀនពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។

អ្នកស្រីបន្តថា : ថវិកាជាអំណោយនោះ អ្នកស្រីនឹងយកទៅប្រើប្រាស់ធ្វើជាទុនបន្ថែមសម្រាប់ការលក់ដូរនំចំណីក្នុងសាលាបឋមសិក្សាថ្មរមៀលនៅភូមិថ្មរមៀលខាងកើតឃុំបន្ទាយឆ្មារស្រុកថ្មពួក។ និងផ្នែកទៀត នឹងរំលែក សន្សំសំចៃសម្រាប់ការចិញ្ចឹមបីបាច់ចៅៗក្នុងបន្ទុកចំនួន៤នាក់ ដែលកំពុងតែមានជីវភាពជួបការលំបាក ហើយឪពុកម្តាយពួកគេបានធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេ.។

ចំពោះលទ្ធផលប្រឡង អ្នកស្រីបានអះអាងថា អ្នកស្រី មិនតូចចិត្តបន្តិចណាទេ ពីព្រោះការប្រឡងនេះគឺឲ្យយើងដឹងអំពីលទ្ធភាពនិងសមត្ថភាពរបស់ខ្លួន តាមវិញ្ញាសារតាមមុខវិជ្ជា ។ ហើយសំខាន់ជាងនេះគឺបានទទួលឈ្មោះ ជាបេក្ខជនប្រឡងបាក់ឌុបដើម្បីទៅយកលិខិតបញ្ជាក់ពីមន្ទីរសម្រាប់យកទៅរៀនកម្រឹតបរិញ្ញាប័ត្ររងនៅមហាវិទ្យាល័យ ។

អ្នកស្រីបានឲ្យដឹងថា នៅពេលប្រឡងលើវិញ្ញាសារសីលធម័ ពលរដ្ឋ ,ប្រវត្តិវិទ្យា ,ផែនដីវិទ្យា ,ភាសាខ្មែរអ្នកស្រីអាចធ្វើបានខ្លះ ឯវិញ្ញាសារឯទៀត មិនអាចទេ ។

អ្នកគ្រូរំលឹកថា អ្នកស្រីរៀននិងជាប់ឌីប្លូមនៅស្រុកកំណើត ហើយនៅឆ្នាំ២០១៨ អ្នកស្រីក៏ទទួលបានការងារពីការិយាល័យអប់រំក្រៅប្រព័ន្ធអោយធ្វើជាគ្រូបង្រៀនអក្ចរកម្មនៅភូមិ។

ពេលនោះដែរ អ្នកស្រីក៏បន្តទៅរៀនបំពេញវិជ្ជាថ្នាក់ទី១០,១១និង១២ តែដោយសារស្ថិតក្នុងវិបត្តិសាកលនៃការរីករាលដាលជម្ងឺកូវីដ១៩ ថ្នាក់រៀនមិនដិតដល់ ហើយការចេះ ចងចាំ និងយល់ក៏តាមនោះដែរ ។

ទោះជាយ៉ាងណា ក្រោយពីប្រឡងធ្លាក់បាក់ឌុបនេះ អ្នកស្រីបានអះអាងថា : នឹងដាក់ពាក្យចូលប្រឡងបន្តទៀត ហើយក៏កំពុងតែគិតដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាប័ត្ររងមុខវិជ្ជាអក្សរសាស្ត្រខ្មែរនិងគណិតវិទ្យានៅសាកលវិទ្យាល័យជាតិមានជ័យ នាចុងសប្តាហ៍(ថ្ងៃសៅរ៍ -អាទិត្យ )។ ប៉ុន្តែ បានស្នើអន្តរាគមន៍សុំអាហារូបករណ៍និងសុំសប្បុរសជនជួយឧបត្ថម្ភ ។

អ្នកស្រីមានស្រុកកំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅរស់នៅភូមិពាក់ស្បែកស្រុករតនមណ្ឌលខេត្តបាត់ដំបងកាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិថ្មរមៀលខាងកើតឃុំបន្ទាយឆ្មារស្រុកថ្មពួក នាឆ្នាំ២០០៨រហូតដល់សព្វថ្ងៃ៕/R