ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកនិងអ៊ីតាលីបានប្រកាសអំពីការធ្វើតេស្តិ៍រកកូវីដ១៩ជាចាំបាច់សម្រាប់អ្នកដំណើរមកពីប្រទេសចិនខណៈការបោះបង់ចោលភ្លាមៗរបស់រដ្ឋាភិបាលក្រុងប៉េកាំងនូវវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដនិងការកើនឡើងនៃករណីឆ្លងបានបង្កចលាចលជុំវិញពិភពលោក។
មន្ទីរពេទ្យនិងកន្លែងបូជាសពនៅទូទាំងប្រទេសចិនបន្តជោរជន់ដោយអ្នកជំងឺនិងសាកសព ដែលគេសង្ស័យថាឆ្លងកូវីដ១៩ដែលបានវាយប្រហារមនុស្សចាស់យ៉ាងធ្ងន់ធ្ងរ។
ការកើនឡើងករណីឆ្លងនៅរដូវរងានេះកើតឡើងមុនថ្ងៃឈប់សម្រាកចូលឆ្នាំចិននៅខែក្រោយដែលក្នុងនោះមនុស្សរាប់រយលាននាក់រំពឹងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំជាមួយសាច់ញាតិ។
ដោយលើកឡើងពីតម្រូវការដើម្បីការពារសុខភាពរបស់ជនជាតិអាម៉េរិក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាម៉េរិកបានប្រកាសថា ចាប់ពីថ្ងៃទី ៥ ខែមករាអ្នកធ្វើដំណើរតាមយន្តហោះទាំងអស់ដែលមកពីចិន ត្រូវផ្តល់ការធ្វើតេស្តិ៍អវិជ្ជមានថ្មីដល់ក្រុមហ៊ុនអាកាសចរណ៍ មុនពេលពួកគេចាកចេញ។
មន្ត្រីសុខាភិបាលជាន់ខ្ពស់របស់អាម៉េរិកម្នាក់បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទតាមទូរស័ព្ទថា”ការកើនឡើងយ៉ាងរហ័សនៃការឆ្លងកូវីដ១៩ក្នុងប្រទេសចិនបានបង្កើនសក្តានុពលសម្រាប់មេរោគកូរ៉ូណាបំប្លែងថ្មីៗ”។
ទោះយ៉ាងណា មន្ត្រីរូបនោះបាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានផ្តល់ទិន្នន័យតិចតួចអំពីចរាចរណ៍នៃមេរោគបំប្លែងនៅក្នុងប្រទេសចិនទៅកាន់មូលដ្ឋានទិន្នន័យសកលហើយការធ្វើតេស្តិ៍និងការរាយការណ៍អំពីករណីឆ្លងថ្មីៗរបស់ខ្លួនក៏បានថយចុះដែរ។
ចំណាត់ការរបស់សហរដ្ឋអាម៉េរិកបានកើតឡើងបន្ទាប់ពីអ៊ីតាលី ជប៉ុន ឥណ្ឌា និងម៉ាឡេស៊ីបានប្រកាសវិធានការផ្ទាល់ខ្លួនរបស់ពួកគេដើម្បីការពារប្រឆាំងនឹងការនាំចូលកូវីដបំប្លែងថ្មីពីចិន។
រដ្ឋមន្ត្រីសុខាភិបាលអ៊ីតាលី លោក អូរ៉ាហ្ស៊ីអូ ស៊ីលឡាស៊ី (Orazio Schillaci)បាននិយាយកាលពីថ្ងៃពុធទី២៨ធ្នូថា”ខ្ញុំបានបញ្ជាឱ្យធ្វើតេស្តិ៍រកកូវីដជាចាំបាច់និងការធ្វើតេស្តិ៍ពាក់ព័ន្ធនានាសម្រាប់អ្នកដំណើរទាំងអស់ដែលមកពីប្រទេសចិននិងឆ្លងកាត់ប្រទេសអ៊ីតាលី”។
តៃវ៉ាន់ក៏និយាយកាលពីថ្ងៃពុធដែរថា ខ្លួននឹងពិនិត្យអ្នកធ្វើដំណើរមកពីចិនដីគោកដើម្បីរកមេរោគកូរ៉ូណា៕
អ្នកជំងឺកូវីដកំពុងណែនពេញមន្ទីរពេទ្យក្នុងទីក្រុងធៀនជីន