ដោយ៖ដេប៉ូ/ភ្នំពេញ៖ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថាគិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានអតីតបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៤រូប បន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិក ដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាម រយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា៖នាពេលកន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។
ជាមួយគ្នានេះក្រសួងការងារបានឱ្យដឹងដែរថា៖”គិត មកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន២៥៣រូបក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការ ទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រម ទទួលយកសំណងនៅសល់ត្រឹម ១២០រូប”។
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បី ជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕/PC