ប្រែសម្រួលៈបំណង(ស៊ីនហួរ)៖ អាម៉េរិកបានកត់ត្រាឃើញអ្នកឆ្លងកូវីដ១៩ផ្លូវការជាង១០០លាននាក់ហើយនៅរយៈពេលជិតបីឆ្នាំមកនេះចំពេលមានកំណើននៃការឆ្លងមួយលើកទៀតក្នុងរដូវធ្វើដំណើរកម្សាន្តច្រើន នេះបើតាមទិន្នន័យចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាម៉េរិក(CDC)។
ក្មេងទទួលវ៉ាក់សាំងកូវីដ១៩នៅក្រុងឡូស អ៊ែនជើឡេស សហរដ្ឋអាម៉េរិកកាលពីង្ងៃ១៧ធ្នូ ២០២២
យោងតាមទិន្នន័យដែលCDCបានបង្ហោះកាលពីថ្ងៃពុធទី២៨ធ្នូ ចំនួនអ្នកឆ្លងកូវីដ១៩នៅសហរដ្ឋអាម៉េរិកឡើងដល់ ១០០.២១៦.៩៨៣នាក់ គិតត្រឹមថ្ងៃ២១ធ្នូ។
ពួកអ្នកជំនាញការបាននិយាយថាចំនួនឆ្លងពិតប្រាកដអាចខ្ពស់ជាងនេះ ដោយសារប្រជាជនអាម៉េរិកអាចធ្វើតេស្តិ៍រកមេរោគនិងព្យាបាលដោយខ្លួនឯងនៅតាមផ្ទះ ដោយមិនឆ្លងកាត់ការពិនិត្យនិងព្យាបាលដោយភ្នាក់ងាររបស់ក្រសួងសុខាភិបាល ខណៈមនុស្សជាច្រើនថែមទាំងមិនបានធ្វើតេស្តិ៍រកមេរោគផង។
ថម ហ្វ្រីដិន (Tom Frieden) អតីតនាយកCDCក្រោមរដ្ឋបាលលោកអូបាម៉ា បានវាយតំលៃថា ទិន្នន័យដែលបានរាយការណ៍តិចជាងចំនួនឆ្លងជាក់ស្តែងជាងពាក់កណ្តាល។លោកបានប្រាប់សារព័ត៌មានCNBCថា មានអ្នកឆ្លងយ៉ាងតិច២០០លាននាក់នៅអាម៉េរិក «ដូច្នេះទិន្នន័យផ្លូវការនេះជាចំណែកតូចមួយប៉ុណ្ណោះ។បញ្ហានៅត្រង់ថាតើយើងមានបានត្រៀមខ្លួនសំរាប់ការផ្ទុះកូវីដ១៩មួយលើកទៀតហើយឬនៅ»។
ជេននីហ្វើ នូហ្ស៍ហ្សូ( Jennifer Nuzzo)អ្នកជំនាញរោគឆ្លងនិងជានាយកមជ្ឈមណ្ឌលជំងឺឆ្លងនៅសកលវិទ្យាល័យសុខាភិបាលប្រោន(Brown)បាននិយាយថា«វាពិបាកនឹងបញ្ឈប់វីរុសនេះ ហើយវាជាហេតុផលមួយដែលយើងបង្វែរការយកចិត្តទុកដាក់លើការចូលដេកពេទ្យនិងការស្លាប់ ដោយមិនត្រឹមគ្រាន់តែរាប់ចំនួនឆ្លងទេ»។
នៅអាម៉េរិក អ្នកជំងឺកូវីដ១៩ជាង១,០៨លាននាក់បានស្លាប់គិតចាប់តាំងពីពេលផ្ទុះជំងឺនេះដំបូងមក គឺច្រើនជាងប្រទេសណាៗទាំងអស់នៅក្នុងលោក។
ប្រជាជនដើរកាត់កន្លែងធ្វើតេស្តិ៍រកកូវីដ១៩នៅក្រុងញូវយ៉ក កាលពីថ្ងៃ៧ធ្នូ ២០២២
អាម៉េរិកបច្ចុប្បន្ន ជាមធ្យមមានអ្នកឆ្លងថ្មីប្រមាណ៦៥.០០០នាក់ ចូលដេកពេទ្យ៥.០០០នាក់និងស្លាប់៣៩០នាក់ក្នុងមួយថ្ងៃៗដោយជំងឺកូវូដ១៩ នេះបើតាមទិន្នន័យរបស់CDC៕