ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធ ដោយសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញ កម្រិត១(Level-1 Class P4+Training Casmp) ពីថ្ងៃទី២៤ ដល់ ២៨ ធ្នូ នៅខេត្តកំពង់ឆ្នាំង។

វគ្គនេះ បានធ្វើឡើង ដើម្បីពង្រឹងគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ដើម្បីឲ្យមានការយល់ដឹង កាន់តែប្រសើរ ដើម្បីត្រៀមលក្ខណៈ ឲ្យបានល្អ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានា ពិសេសសម្រាប់ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វគ្គនេះ បង្រៀនដោយលោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធ និងអមដោយគ្រូជំនួយគឺលោក សោ សុផេង ដែលជាគ្រូជំនាញ របស់សហព័ន្ធ ដែលមានកម្រិតបច្ចេកទេស FIG Academy Level-1 and Level-3 in Artistic and aerobic Gymnastic ។

សិក្ខាកាម ដែលចូលរួមមានចំនួន ២២ នាក់ ក្នុងនោះ នារី ៨ នាក់ ដែលមកពី រាជធានីភ្នំពេញ ២នាក់ ខេត្តកំពង់ឆ្នាំង ១៣នាក់​ខេត្តក្រចេះ ៤នាក់ ខេត្តកំពង់ចាម ១នាក់ និងក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ ២នាក់។ សិក្ខាកាមទាំងអស់ សុទ្ធតែជាគ្រូជំនាញ ថ្នាក់មូលដ្ឋានកម្រិត១។

វគ្គសិក្សា ចែកចេញជា ២ ផ្នែក គឺពេលព្រឹក​សិក្សាផ្នែកទ្រឹស្ដី និងពេលល្ងាច ការអនុវត្តន៍ផ្ទាល់តែម្ដង។ ក្រៅពីសិក្សាទ្រឹស្ដី ក៏មានការឧទ្ទេសនាម នូវពីបទពិសោធន៍ ល្អៗ ថ្មីៗ ពិសេសពីការផ្លាស់ប្ដូរច្បាប់ប្រកួតថ្មីៗ សម្រាប់ឆ្នាំ២០២២ ដល់ ២០២៤ ទៀតផង ។

ចំពោះលទ្ធផលនៃការសិក្សា សិក្ខាកាម ១០ នាក់ ស្មើនឹង ៤៥,៤៥ ភាគរយ បានទទួលនូវ និទ្ទេសល្អ។ ៨នាក់ ស្មើនឹង ៣៦,៣៦ ភាគរយ បានទទួលនិទ្ទេស ល្អបង្គួរ និងសិក្ខាកាម ៤ នាក់ (១៨,១៨ ភាគរយ) បានទទួលនិទ្ទេសមធ្យម៕ V / N