ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២(CAMSOC) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (AIA CAMBODIA) បានចុះហត្ថលេខា លើភាពជាដៃគូ ចលនូបត្ថម្ភជាផ្លូវការ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រ ដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។

ពិធីនេះ ចុះហត្ថលេខាដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC និងលោក Andrew Loh អគ្គនាយកប្រតិបត្តិ AIA CAMBODIA នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះ កាន់តែខិតចូលមកដល់ ហើយដោយនៅសល់ត្រឹមតែជាង ១២០ ថ្ងៃប៉ុណ្ណោះ ដូច្នេះនេះជាការខិតខំ ហើយរកបានដៃគូឧបត្ថម្ភគាំទ្រ ស្របតាមគោលការណ៍ សន្សំសំចៃថវិកាជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា។ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ដៃគូឯកជននានា ចូលរួមផ្តល់ការគាំទ្រ និងឧបត្ថម្ភដល់ដំណើរការរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ យើងទាំងអស់គ្នាដឹង ហើយនេះជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏ធំមួយ របស់កម្ពុជា ក្រោយរង់ចាំអស់រយ់ពេល ៦៤ឆ្នាំ។ អ្វីដែលសំខាន់ គឺយើងនឹងធ្វើឲ្យ ស៊ីហ្គេម​ដែលកម្ពុជាធ្វើលើកទី១ ប៉ុន្តែមានភាពអស្ចារ្យ»។

លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖ «ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្តាប្រទេសអាស៊ាន ទាំង១០ មកចូលរួមពិធីបើកស៊ីហ្គេម ជាផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានអញ្ជើញប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach ប្រធានក្រុមប្រឹក្សាកីឡាអាស៊ី និងប្រធានសមាគមអូឡាំពិក អន្តរជាតិ ដែលជាបុគ្គលដ៏មានសារសំខាន់ ក្នុងចលនាអូឡាំពិកអន្តរជាតិ ដែលនឹងជំរុញឲ្យព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រ កាន់តែអស្ចារ្យ»។

លោកបានចាត់ទុកថា៖ នេះជាការឱកាសជួយគ្នាទៅវិញមក និងជាការចងចាំមួយ ក្នុងគុណូបការជួយដល់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម​២០២៣ និងមួយផ្នែកទៀត AIA បានជួយលើការធានារ៉ាប់រង អាយុជីវិតរបស់កីឡាករ កីឡាការិនីជម្រើសជាតិ កម្ពុជា ដើម្បីបំប៉នចិត្តសាស្ត្រកីឡា ឲ្យកាន់តែមានឆន្ទៈមោះមុត ហ៊ានលះបង់ បន្ថែមទៀត ក្នុងការឆ្ពោះទៅស្វែងរកមេដាយជូនជាតិ។

លោក​ Andrew Loh អគ្គនាយកប្រតិបត្តិ AIA CAMBODIA បានគូស បញ្ជាក់ថាៈ នេះជាកិត្តិយសដ៏ធំធេង ដែលក្រុមហ៊ុនបានក្លាយជាផ្នែកមួយរបស់ កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង និងការជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការបង្ហាញខ្លួន ក្នុងចំណោមជើងឯក មកពីបណ្ដាប្រទេសនានា។ «យើងខ្ញុំ ពិតជាមោទនភាព ដែលបានក្លាយជាក្រុមហ៊ុនទី១ របស់គណៈកម្មាធិការជាតិ CAMSOC ក្នុងការរួមដំណើរ ក៏ដូចជា ជួយជ្រោមជ្រែងក្រុមជម្រើសជាតិកម្ពុជា ឲ្យឈាន ដល់កម្រិតកំពូល»។

លើសពីនេះ អេ អាយ អេ ខេមបូឌា នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ CAMSOC និងគាំទ្រផ្សេងៗ ដើម្បីជួយដល់សកម្មភាពរៃអង្គាសថវិកា ពីសាធារណៈរបស់ពួកគេ ដើម្បីលើកកម្ពស់ស្មារតីរបស់ ក្រុមជម្រើសជាតិកម្ពុជា ដែលកំពុងស្ថិតលើវិថី ឆ្ពោះទៅរកភាពជោគជ័យនៃកីឡា។
ក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំថា អត្តពលិកកម្ពុជា នឹងបញ្ចេញឲ្យអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែង ក្នុងកម្រិតខ្ពស់បំផុត បង្ហាញពីភាពជាកីឡា ក៏ដូចជា ការប្តេជ្ញាចិត្តនិងការងារជាក្រុម ហើយបង្ហាញពីភាពខ្លាំងស្មើគ្នា បើធៀបទៅនឹង ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍៕ V / N