ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី២៩ ធ្នូនេះ ក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ត្រូវបើកទ្វារទទួលក្រុមព្រុយណេ សម្រាប់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022។

ក្រុមកម្ពុជា បន្ទាប់ពីរកបាន ៣ពិន្ទុ ដោយឈ្នះក្រុមហ្វីលីពីន ៣ទល់២ នោះ បានចាញ់ក្រុមឥណ្ឌូណេស៊ី នៅក្រៅផ្ទះ ១ទល់២។ នេះជាការប្រកួតទី៣ របស់ ក្រុមកម្ពុជា មុននឹងជួបប្រកួត ជាមួយក្រុមថៃ នៅក្រៅផ្ទះ ដែលជាការប្រកួតបញ្ចប់ ពូលនោះ។

គ្រូបង្វឹករបស់កម្ពុជា លោក Ryu Herose បានមានប្រសាសន៍ថាៈ «អ្វីដែល សំខាន់បំផុតនោះ គឺការប្រកួតដោយបានទទួលពិន្ទុ ឈ្នះទល់នឹងក្រុមព្រុយណេ ម្យ៉ាងទៀត យើងត្រូវព្យាយាមរកគ្រាប់បាល់ ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីប្រជែងឈរនៅកំពូលតារាង ជាមួយក្រុមផ្សេងទៀត។ ប៉ុន្ដែយើងដឹងថា ព្រុយណេ ជាក្រុមជាក្រុមដែលខិតខំលេងខ្លាំង ហេតុនេះ យើងត្រូវខិតខំធ្វើឲ្យ បានល្អបំផុត»។

ដោយឡែក លោក Mario Rivera ដែលជាគ្រូបង្វឹករបស់ក្រុមព្រុយណេ វិញនោះ បាននិយាយថាៈ «សម្រាប់ការប្រកួតនេះ គឺជាការប្រកួតដ៏តានតឹងមួយ សម្រាប់ព្រុយណេ ព្រោះកម្ពុជា គឺជាក្រុមខ្លាំង។ យើងកំពុងតែបន្តការកែលម្អ​ក្រុមរបស់យើង នៅគ្រប់ការប្រកួត ដើម្បីឲ្យទទួលបានលទ្ធផលល្អបំផុត ដូចពីមុន ហើយវាជាអាទិភាព សម្រាប់ក្រុមយើង។យើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព»។

សម្រាប់ថ្ងៃនេះ នរណា ក៏មានជំនឿចិត្តថា កម្ពុជា នឹងរកបាន ៣ពិន្ទុ ជាមិនខានពីការប្រកួតនេះ៕ V / N