ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: ប្រជាពលរដ្ឋ អ្នកដំណើរ ឆ្លងកាត់រង្វង់មូល មុខផ្សារកំពង់ស្ពឺ ស្នើសុំឲ្យអាជ្ញាធរក្រុងច្បារមន មេត្តា ជួយពិនិត្យមើល និងរៀប សណ្តាប់ធ្នាប់លើផ្លូវ ខណៈពេលមានក្រុមអាជីវករ បាននាំគ្នាដាក់លក់លើផ្លូវ ដែលសព្វថ្ងៃនេះ មានការកកស្ទះ ពិបាកក្នុងការធ្វើដំណើរ ឆ្លងកាត់ទៅសាលាខេត្ត កំពង់ស្ពឺ ។ ប្រជាពលរដ្ឋ បាននាំគ្នាសំណូមពរដល់អាជ្ញាធរ បែបនេះ កាលពីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
ប្រជាពលរដ្ឋ ឈ្មោះ ស្រី ចាប់ណូ ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សូមសំណូមពរដល់អាជ្ញាធរក្រុងច្បារមន ដែលមានលោក ទឹម ផានូ អភិបាលក្រុងថ្មី វ័យក្មេង ព្រមទាំងអាជ្ញាធរ ខេត្តកំពង់ស្ពឺ សូមជួយរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវរង្វង់មូល មុខផ្សារកំពង់ស្ពឺ ខណៈដែលក្រុមអាជីវករលក់លើផ្លូវ បង្កឲ្យមានការកកស្ទះ ពិបាកធ្វើចរាចរខ្លាំងណាស់។ ពីព្រោះ សព្វថ្ងៃនេះ ក្រុមអាជីវករ ទាំងខាងក្នុងផ្សារធំ ក៏ដាក់លក់ចេញ មកខាងក្រៅ លើផ្លូវសារធារណៈដែរ រឹតតែធ្វើឲ្យផ្លូវកកស្ទះទ្វេដង ជាពិសេស ការធ្វើដំណើរឆ្លងកាត់ផ្លូវ កាន់តែចង្អៀតតូច ពិបាកធ្វើដំណើរខ្លាំងណាស់ សព្វថ្ងៃនេះ។
លោកបានបន្តទៀតថាៈ សព្វថ្ងៃនេះ ផ្សារកំពង់ស្ពឺ ត្រូវបានក្រុមអាជីវករ ដាក់លក់ដូរលើផ្លូវជុំវិញផ្សារ ព្រមទាំងអ្នកដាក់ផ្ញើម៉ូតូ កង់ លើផ្លូវសារធារណៈ ដើម្បីធ្វើ អាជីវកម្ម រកផលប្រយោជន៍ ផ្ទាល់ខ្លួន មិនបានខ្វល់ពីការកកស្ទះផ្លូវនោះឡើយ។ កក្តានេះហើយ ទើបប្រជាពលរដ្ឋ សំណូមពរទៅអាជ្ញាធរក្រុងច្បារមន ព្រមទាំង អាជ្ញាធរខេត្ត ជាពិសេសជំនាញពាក់ព័ន្ធ ជួយមេត្តាពិនិត្យ មើលនឹងរៀបចំសណ្តាប់ ធ្នាប់ផង ព្រោះផ្សារកំពង់ស្ពឺ សម្បូរភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើឆ្លងកាត់ ជារៀងរាល់ថ្ងៃ កុំឲ្យពួកគាត់រិះគន់ប៉ះពាល់មុខមាត់ខេត្ត។
ក្រោមការលើកឡើង ក៏ដូចជា សំណូមពររបស់ប្រជាពលរដ្ឋ ក្រុមអ្នកយកព័ត៌មាន ប្រចាំខេត្តកំពង់ស្ពឺ បានទំនាក់ទំនងទៅលោក លៀង ចាន់លី តំណាងក្រុមហ៊ុន វិនិយោគផ្សារកំពង់ស្ពឺហើយលោក បានឲ្យដឹងថាៈ ទីតាំងដែលក្រុមអាជីវករ នាំគ្នាលក់ដូរនោះ ក្រុមអាជីវករ មិនបានបង់ឲ្យថ្លៃភាស៊ីនោះទេ ខាងក្រុងច្បារមន គេមិនឲ្យអាជីវករបង់ភាសុ ីឲ្យខាងលោកឡើយ ដូច្នេះហើយពាក់ព័ន្ធនឹងរឿងសណ្តាប់ធ្នាប់ ខាងក្រុង ជាអ្នកទទួលខុសត្រូវ។
ចំណែកលោក ទឹម ផានូ អភិបាលក្រុងច្បារមនថ្មី វ័យជាង ២០ ឆ្នាំវិញ អ្នកយកព័ត៌មានយើង បានទំនាក់ទំនងតាមទូរស័ព្ទ ដើម្បីសុំការបកស្រាយ និង ពន្យល់ពាក់ព័ន្ធរឿងខាងលើនេះដែរ ប៉ុន្តែមិនអាចនិយាយគ្នាបានដោយសារប្រព័ន្ធ ទូរស័ព្ទ និយាយស្តាប់គ្នាមិនបាន បើទោះបីជាខំព្យាយាមទំនាក់ទំនងជាច្រើនដង ក៏ដោយ សង្ឃឹមថាលោក ទឹម ផានូ អភិបាលក្រុងច្បារមន មានឆន្ទៈក្នុងការដោះ ស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង នូវសំណូមពរនេះ៕ V / N