ដោយៈ ប.ខុន / ភ្នំពេញៈ ផលត្រីសម្រាប់ធ្វើប្រហុកផ្អក អ្នកនេសាទចាប់បាន នៅតាមគន្លងដាយ ក្នុងភូមិសាស្ត្រខេត្តកណ្តាល លើកម្តង បានត្រីរហូតដល់ មួយតោន  ខណៈដាយត្រីនៅក្នុង ភូមិសាស្ត្ររាជធានី លើកម្តង ក្នុងរយៈពេល កន្លះម៉ោង បានត្រីពី ២៥០ ទៅ ៣០០ គីឡូក្រាម ដោយមានតម្លៃ នៅផែដាយពី ២.២០០ ទៅ ២.៥០០ រៀល ក្នុងមួយគីឡូក្រាម។ ចំណែកស្ថានភាពទឹកទន្លេសាប វិញ នៅហូរក្នុងល្បឿនមធ្យម រហូតដល់ពាក់កណ្តាល ខែមករា ឆ្នាំ២០២៣ ។

លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផល រាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជា ​ដឹង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ថាៈ ត្រីសម្រាប់ធ្វើប្រហុកផ្អក ចាប់បាននៅតាម គន្លងដាយ ធ្វើអាជីវកម្មនេសាទត្រី ព្រឹកនេះ មានចំនួនកើនឡើងច្រើនជាង ថ្ងៃទី២៨ ខែធ្នូ ដោយនៅគន្លងដាយលេខ៦ សេ ជាគន្លងដាយ ដែលមិនសូវចាប់បានត្រី ពីមុនមកនោះ ពេលនេះ កន្លះម៉ោង លើកម្តង បានត្រីប្រមាណ ២៥០ ទៅ ៣០០ គីឡូក្រាម ខណៈពេលផលត្រីចាប់នៅគន្លងដាយលេខ១៥ លើកម្តង ក្នុងរយៈពេល ប្រហែល ១ម៉ោង បានត្រី រហូតដល់មួយតោន។

អ្នកធ្វើអាជីវកម្មនេសាទ ជួលគន្លងដាយត្រីលេខ៤ ពីរដ្ឋបាលជលផល បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី២៩ ខែធ្នូថាៈ ផលចាប់នៅថ្ងៃនេះ កើនច្រើនជាងពីថ្ងៃ ម្សិលមិញ ទៅទៀត ដោយក្នុងរយៈពេលកន្លះម៉ោង លើកម្តងបានត្រី សម្រាប់ធ្វើ ប្រហុក ផ្អក ដល់ពី ២៥០ ទៅ ៣០០ គីឡូក្រាម ។

ត្រីសម្រាប់ធ្វើប្រហុកផ្អក នៅថ្ងៃនេះល្អជាងថ្ងៃម្សិលមិញ គឺត្រី រាល ត្រីខ្នងវែង អត់មានត្រីស្លឹឬស្សីទេ តែក៏អត់មានត្រីច្រកែង ច្រើនដូចកាលពីថ្ងៃម្សិលមិញដែរ។ តម្លៃត្រីដែលគេបានមកទិញដល់ផែ រដាយមួយគីឡូក្រាមពី ២.២០០ ទៅ ២.៥០០ រៀល។ ឯស្ថានភាពទឹកហូរ នៅថ្ងៃនេះ ខ្សោយជាងក្នុងសប្តាហ៍មុន។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹងដល់សាធារណជនថាៈ ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទ បានត្រីច្រើន ជាពិសេសនៅតាមគន្លងដាយត្រី តាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃ ៧ កើត ដល់ថ្ងៃ ១២ កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពល​ពីព្យុះភ្លៀង។

នៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានសរសេរទៀតថាៈ អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើ ប្រហុកផ្អក ត្រីឆ្អើឬទឹកត្រី សូមរួសរាន់អញ្ជើញមករកទិញត្រី​តាមពេលវេលា​ និងទីកន្លែង ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះ។

ក្នុងលិខិតជូនដំណឹង បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជួយបង្កលក្ខណៈងាយស្រួល ជូនដល់បងប្អូនប្រជាពលដ្ឋ បានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៩ ខៃធ្នូ ឆ្នាំ២០២២ថាៈ ទឹកហូរនៅតាមដង ទន្លេសាប ពេលនេះ ស្ថិតនៅក្នុងល្បឿនកម្រិតមធ្យម ដោយសារទឹកបឹងទន្លេសាប នៅក្រគរ កំពង់លួង ថ្ងៃទី២៩ ខែធ្នូ នៅមានកម្ពស់ ៤,៥៣ ម៉ែត្រ ខណៈទឹកនៅ ស្ថានីយជលសាស្ត្រទន្លេបាសាក់  ចតុមុខ នៅសល់កម្ពស់ ៣,២៥ ម៉ែត្រ។ ទឹកបឹងទន្លេសាប ចូលដល់ខែមករា ឆ្នាំ២០២៣ ក៏នៅតែបន្តហូរចេញ ក្នុងល្បឿនមធ្យមដែរ ។ កម្ពស់ទឹកនៅក្រគរ កំពង់លួង ពេលនេះ​ប្រហាក់ ប្រហែលនឹងកម្ពស់ទឹក មធ្យមច្រើនឆ្នាំ៕ V / N