ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកជាតិឆ្នាំ២០២២ ត្រូវបានបើកឱ្យដំណើរការជាផ្លូវការកាលពីល្ងាចថ្ងៃទី២៨ខែធ្នូឆ្នាំ២០២២នៅសាលសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានកីឡាករ កីឡាការិនីសរុប ១៧០នាក់។

លោកកែវ រ៉េមីអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាមានប្រសាសន៍ថានេះជាការប្រកួតកម្រិតខ្ពស់បំផុតក្នុងកម្រិតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំដូច្នេះស្នើសុំដល់មន្ត្រីអាជ្ញាកណ្តាលចៅក្រមដែលកំពុងដឹកនាំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ ត្រូវតែប្រកាន់ខ្ជាប់នូវគោលជំហរអព្យាក្រឹត្យ ផ្តល់ការកាត់សេក្តីដោយត្រឹមត្រូវ យុត្តិធម៌ជូនដល់កីឡាករ កីឡារិនីគ្រប់ការប្រកួតទាំងអស់។រីឯកីឡាករកីឡាការិនីទាំងអស់ត្រូវប្រឹងប្រែងបញ្ចេញឱ្យអស់នូវទេពកោសល្យសមត្ថភាពដើម្បីឱ្យគណៈកម្មការសម្រិតសម្រាំងបានម្ចាស់ជ័យលាភីប្រកបដោយគុណភាពល្អៗ។
លោកបានបន្ថែមថានេះជាកិត្តិយសដ៏ធំធេងសម្រាប់វិស័យកីឡាគុនល្បុក្កតោដែលទទួលបានការគាំទ្រពីវិស័យឯកជនមហាជនសិស្សនិស្សិតយ៉ាងច្រើនកុះករពីព្រោះថាគុនល្បុក្កតោ គឺជាក្បាច់គុនព្រលឹងជាតិខ្មែរ ដែលទើបនឹងត្រូវបានដាក់បញ្ជូលជាផ្លូវការ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

លោកបានអះអាងថា នេះមិនមែនកើតឡើងដោយឯកឯងនោះទេពោលគឺកើតចេញពីការខិតខំប្រឹងប្រែងពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួងអប់រំយុវជននិងកីឡានិងថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោ ជាពិសេសក្រោមការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ត្រូវបានធ្វើឡើងក្រោមការគាំទ្រពីក្រសួងអប់រំយុវជននិងកីឡាគណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ (CAMSOC)ជាពិសេសជាមួយកិច្ចសហការជាមួយដៃគូរឧបត្ថម្ភដែលមានក្រុមសម្រស់ធម្មជាតិនិងក្រុមហ៊ុនវ័នហ្វ្រេតធីនីធីបានធ្វើឱ្យការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំមានភាពអធិកអធមល្អប្លែកពីឆ្នាំមុនៗ។

ជាមួយគ្នានេះ ដោយគណៈកម្មការរៀបចំការប្រកួតបានរៀបចំទទួលបន្ទុកការធ្វើដំ
ណើរ ហូបចុក ស្នាក់នៅរបស់ ព្រឹទ្ធាចារ្យគ្រូ បង្វឹក អាជ្ញាកណ្ដាល ចៅក្រម និងកីឡាករ កីឡាការិនី ដែលមកពីតាមបណ្ដាខេត្តឆ្ងាយ ដោយក្នុងនោះមក ២៥ សាលាគុន ដែលមកពី ១០ពីរាជធានី-ខេត្ត និងក្រសួង១ ដោយមានប្រតិភូគ្រូបង្វឹក ៤៣នាក់ កីឡាករ១០២នាក់ កីឡាការិនី៦៨នាក់ គណៈកម្មការរៀបចំការប្រកួត ៤៨នាក់ និងក្រុមការងារស្ម័គ្រចិត្ត ២០នាក់ សរុប ២៨១នាក់។

សម្រាប់ការរៀបចំទីលានការប្រកួត ត្រូវធ្វើឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសដើម្បីសម្រួចទៅដល់ការរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ៕srn