​អាជ្ញាធរខេត្ត​ព្រះវិហារ​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​

1391
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ដើមឈើ​ប្រណីត​និង​ដើមឈើ​ហូប​ផ្លែ​ចំនួន​៤.០១១​ដើម​ត្រូវបាន​យកទៅ​ដាំ​នៅលើ​ផ្ទៃដី​ប្រមាណ​២,៤​ហិកតា​នៅក្នុង​ពិធីបុណ្យ​រុក្ខទិវា​៩​កក្កដា​ឆ្នាំ​២០១៨​នៅ​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​នា​ឆ្នាំនេះ​កាលពី​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៨​។

​ពិធី​ដាំ​កូនឈើ​ក្រោម​អធិបតីភាព​លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​, លោក​ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ​, កងកម្លាំងប្រដាប់អាវុធ​, លោកគ្រូ​, អ្នកគ្រូ​, ប្រជាពលរដ្ឋ​, និង​សិស្សានុសិស្ស​ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ លោក អ៊ុន ចាន់​ដា បាន​ប្រាប់​អាជ្ញាធរ​ដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ត្រូវ​បំផុស​ការដាំ​ដើមឈើ​ឡើងវិញ នៅតាម​ទីសាធារណៈ​នានា តាម​វត្ត​អា​រ៉ា​ម និង​កន្លែងធ្វើការ ហើយ​ត្រូវ​ចេះ​ស្រឡាញ់​ដើមឈើ ដោយ​ចូលរួម​ថែរក្សា និង​ដាំ​ដុះ​ឡើងវិញ​កន្លែង​ដែលមាន​ការ​រេច​រិល​។​

​លោក អ៊ុន ចាន់​ដា បានលើកឡើង​ទៀតថា ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ព្រៃឈើ​ក៏ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដែល​ចំណុច​នេះ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព​ដែលមាន​ស្រាប់​នៅ​កម្ពុជា ក្រោម​ការដឹកនាំ ដោយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​បាន​គង់វង្ស យូរអង្វែង ពិសេស​ដើម្បី​ឲ្យ​ប្រទេសជាតិ កាន់តែ​មានការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​ជា​បន្តទៅទៀត​។​

​លោក អ៊ុន ចាន់​ដា ត្រូវ​ប្រឆាំង និង​ទប់ស្កាត់​កុំ​ឲ្យ​សង្គ្រាម​កើតមក​ម្តងទៀត លើ​ទឹកដី​កម្ពុជា និង​កុំ​ជឿ​តាម​ការ​ញុះ​ញ៉​ង់ ការសន្យា​បោកប្រាស់ របស់​ជន​អគតិ​មួយចំនួន​ឲ្យ​សោះ​។ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​លេខ​រៀង​ទី​២០ ដើម្បី​គាំទ្រ​បេក្ខភាព​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បន្តទៀត​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំកន្លងមក បុណ្យ​រុក្ខទិវា ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ តែង​រួមគ្នា​ដាំ​ដើមឈើ​ឡើងវិញ ក្នុងទិសដៅ​បំផុស និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ស្រឡាញ់​ដើមឈើ និង​កុំ​កាប់ បំផ្លាញ​ព្រៃឈើ​តទៅទៀត ព្រោះ​ព្រៃឈើ​វា​មាន​សារៈសំខាន់​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និត​ជាមួយនឹង​ជីវិត​សត្វ​គ្រប់​ប្រភេទ​រួមទាំង​មនុស្ស​យើង​ផងដែរ​។​

​លោក​បន្តទៀតថា ឆ្នាំនេះ នៅ​ខេត្តព្រះវិហារ បាន​នាំ​កូនឈើ​ប្រណីត និង​ដើមឈើ​ហូប​ផ្លែ​សរុប ៤.០១១​ដើម​រួមមាន ដើម​គ្រញូង បេង ធ្នង់ នាងនួន ឈើទាល និង​ដើមឈើ​ហូប​ផ្លែ​ជាច្រើន​មុខ​ទៀត ។​ជាមួយគ្នានេះដែរ​ក៏មាន​ការចែក​កូនឈើ​ហូប​ផ្លែ ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ផងដែរ​៕S/​

​អាជ្ញាធរខេត្ត​ព្រះវិហារ​អំពាវនាវ​ដល់​ពលរដ្ឋ​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ​

ទីតាំងផ្សាយពាណិជ្ជកម្ម