ដោយៈ បូកគោ / កំពតៈ ក្រុមសាច់ញាតិ និងសមត្ថកិច្ច បានប្រទះឃើញសពបុរស ដែលបាត់ខ្លួនអស់បីយប់ ដោយសារហេតុការណ៍លិចទូកនេសាទ ក្បែរកោះទន្សាយ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ។

សាច់ញាតិជនរងគ្រោះ បានប្រាប់ឲ្យដឹងថាៈ ក្រោយពីពូកគាត់ និងសមត្ថកិច្ច បន្តតាមស្វែងរក ស្ទើរគ្រប់ទីកន្លែងលើផ្ទៃសមុទ្រ នៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះ សពសមាជិកគ្រួសារ ដែលបានបាត់ខ្លួននោះ បានរកឃើញហើយ។ សពបាន អណ្តែត យ៉ាងឆ្ងាយពីកន្លែងកើតហេតុ ពោលគឺ បានរសាត់រហូតដល់ក្បែរកោះឫស្សី​ស្ទើរផុតដីកែប ទៅហើយ។

ប្រភពដដែល បានបញ្ជាក់ថាៈ យ៉ាងយូរ នៅម៉ោងប្រហែល ១រសៀល ថ្ងៃនេះ ក្រុមគ្រួសារ នឹងនាំយកសពដល់លំនៅស្ថាន ដែលអ្នកភូមិ កំពុងរង់ចាំធ្វើ បុណ្យនោះ។

សូមរំលឹកថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មាន ករណីទូកអ្នកនេសាទ ប្រភេទមងកេវ មួយគ្រឿង ត្រង់ចំណុចក្បែរកោះទន្សាយ។ រហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹក ព្រមទាំងសមត្ថកិច្ចនគរបាល​ការពារព្រំដែនទឹកខេត្តកែប សហការជាមួយប្រជានេសាទ បានរកឃើញទូក និងសង្គ្រោះបុរស បួននាក់ នាំមកដីគោកវិញ តែនៅបាត់បុរសម្នាក់ ដែលគាត់ មិនចេះហែលទឹក។ មូលហេតុនៃការលិច គឺបណ្តាលមកពីការផ្ទុកលើសចំណុះ ព្រោះយប់នោះ ពួកគាត់នេសាទត្រូវត្រីច្រើន។

បុរសដែលបាត់បង់ជីវិតឈ្មោះ ហ៊ុយ បាន អាយុ ៥៤ឆ្នាំ មានទីលំនៅ ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ចំណែកបុរស ដែលរួច ផុតពីគ្រោះថ្នាក់ រួមមាន ១.ឈ្មោះ ឆេង ស៊ីន អាយុ ៣៦ ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ២.ឈ្មោះ ហ៊ុយ ឃឿន អាយុ ៤២ឆ្នាំ រស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ៣. ឈ្មោះ ធន ស៊ីន អាយុ ៣៩ឆ្នាំ។ ៤. ឈ្មោះ គៀវ ថា អាយុ ៤២ឆ្នាំ។ ទាំងពីរនាក់ រស់នៅភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ៕ V / N