ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល ពិនិត្យឃើញមានការចែកចាយ និងលក់ផលិតផលគ្រឿងសម្អាងឈ្មោះ Hiruscar® Gel គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ដែលស្រដៀងនឹងផលិតផលគ្រឿងសម្អាង ឈ្មោះ Hiruscar® Gel មានលេខប្រវេទន៍ CAM 06822cn-21 ដែលចែកចាយ ដោយក្រុមហ៊ុន DKSH (Cambodia) Ltd ហើយក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ ខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយឬលក់ ផលិតផលគ្រឿងសម្អាងនេះ ជាបន្ទាន់។
នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថាៈ ក្រសួងសុខាភិបាល សូមជូនព័ត៌មាន ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលគ្មានលេខប្រវេទន៍ ខាងលើ ជាបន្តទៀត ព្រោះផលិតផលគ្រឿងសម្អាងនេះ មិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព បានឡើយ ហើយអាចជាផលិតផលគ្រឿង សម្អាង ក្លែងក្លាយ ដែលបណ្ដាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ ដល់អាយុជីវិត របស់អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាង ខាងលើនេះ ជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះជនណាចែក ចាយ ឬលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ និងជនពាក់ព័ន្ធដទៃទៀត ទៅតាមច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ ជាធរមាន៕ V / N