ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធទី២៨ធ្នូថា អ៊ីស្រាអែលអាចនឹងវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងរយៈពេល២ឬ៣ឆ្នាំទៀត នៅក្នុងការគំរាមកំហែងពិសេសខុសពីធម្មតា ដែលបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ និងបង្កើនការភ័យខ្លាចអំពីការផ្ទុះសង្គ្រាមលោកមួយទៀត។
រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បិននី ហ្គានហ្ស៍ (Benny Gantz)បានប្រាប់ក្រុមនិស្សិតបញ្ចប់ការសិក្សាផ្នែកទ័ពអាកាសក្នុងខែនេះថាពួកគេអាចនឹងចេញដំណើរទៅវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់នៅឆ្នាំ ២០២៤ ឬឆ្នាំ ២០២៥។
រឿងនេះកើតឡើង ខណៈភាពតានតឹងរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលកើនឡើង បន្ទាប់ពីប្រទេសទាំងពីរមានជម្លោះក្នុងរបៀបដូចក្នុងសង្គ្រាមត្រជាក់អស់រយៈពេលជាច្រើនឆ្នាំ។
ខណៈកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់បានជាប់គាំង អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលបង្កឱ្យមានការបារម្ភថាពួកគេមានបំណងបង្កើតអាវុធនុយក្លេអ៊ែរ។
ត្បិតកំពុងដំណើរការជាមួយនឹងការប្រើប្រាស់ជាលក្ខណៈស៊ីវិល ក៏ប៉ុន្តែការចម្រាញ់នេះក៏អាចផ្តល់ជាឥន្ធនៈសម្រាប់គ្រាប់បែកនុយក្លេអ៊ែរផងដែរទោះបីជាអ៊ីរ៉ង់បដិសេធថាមិនមានគោលបំណងបែបនេះក្នុងចិត្តក៏ដោយ។
អ្នកជំនាញនិយាយថា អ៊ីរ៉ង់អាចបង្កើនភាពសុទ្ធនៃសារធាតុអ៊ុយរ៉ាញ៉ូមរបស់ខ្លួនទៅជាកម្រិតអាវុធក្នុងរយៈពេលដ៏ខ្លីប៉ុន្តែពួកគេនិយាយថា ការបង្កើតក្បាលគ្រាប់នុយក្លេអ៊ែរអាចចំណាយពេលច្រើនឆ្នាំ៕
លោកបិននី ហ្គានគំរាមវាយទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងឆ្នាំ២០២៤ឬ២០២៥