ដោយៈ មុនីរ័ត្ន – ភ្នំស្វាយ / ព្រំដែនកម្ពុជា-ថៃៈ អគ្គិភ័យ បានកំពុងបន្តឆាបឆេះ អគារ៣ និងស្ពានថ្មើរជើង ២ កាត់ពីលើផ្លូវរបស់កាស៊ីណូ ចំនួន២ ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ តាំងពីយប់ថ្ងៃទី២៨ មកទល់ជិត រសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះ ហើយគ្រោះអគ្គិភ័យនេះ បានបណ្តាលឱ្យមានមនុស្ស ចំនួន ១៦ នាក់ បានស្លាប់ និងរបួស ៥៨ នាក់ ក៏ព្រោះតែភ្ញៀវ និងបុគ្គលិកកាស៊ីណូ ជាប់ក្នុងអគារ បានលោតចុះពីលើអគារនោះ ។ ទន្ទឹមនឹងនេះ អាជ្ញាធរដែនដី និងសមត្ថកិច្ចកម្ពុជា និងថៃ បានផ្អាកការដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ ជាបណ្ដោះអាសន្ន ។
លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យរស្មីកម្ពុជា ដឹង នៅរសៀលថ្ងៃទី២៩ ខែធ្នូនេះថាៈ គ្រោះអគ្គិភ័យ ឆាបឆេះនៅកាស៊ីណូ បណ្តាលឱ្យមនុស្សចំនួន ១៦ នាក់ បានស្លាប់ និងរបួស ៥៨ នាក់ ហេីយមានភ្ញៀវ និងបុគ្គលិកកាស៊ីណូ ជាប់លើអគារ ក៏បានលោតចុះពីលើអគារ បណ្តាលឱ្យស្លាប់ និងរបួសដែលត្រូវបានដឹកយកទៅ សង្គ្រោះ នៅមន្ទីរពេទ្យនៃប្រទេសថៃ និងមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ដោយសារតែគ្រោះអគ្គិភ័យនេះ មិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាននោះ អាជ្ញាធរដែនដី និងសមត្ថកិច្ចកម្ពុជា និងថៃ បានផ្អាកការដឹកជញ្ជូនទំនិញ ឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត-ខ្លងលឹក នៃខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវ ប្រទេសថៃ ជាបណ្ដោះអាសន្ន ។
ក្រុមមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចកម្ពុជា និងថៃ នៅច្រកទ្វារព្រំដែនខាងលើ បានប្រាប់រស្មីកម្ពុជា នារសៀលថ្ងៃទី២៩ ខែធ្នូនេះថាៈ ការផ្អាកបណ្តោះអាសន្ននេះ យោងលើប្រតិបត្តិការសង្គ្រោះ និងគ្រប់គ្រងស្ថានភាព ជាក់ស្តែងថា តើអាចបញ្ចប់ នៅពេលណា? ព្រោះថា មកទល់ពេលនេះ ក្រុមមន្ត្រី កងកម្លាំងប្រតិបត្តិការ រាប់រយនាក់ មធ្យោបាយ ឧបករណ៍បច្ចេកទេសរបស់ កម្ពុជានិងថៃ បានស្ថិតនៅ លើផ្លូវ និងទីធ្លាតំបន់ច្រកទ្វារព្រំដែនទាំងពីរ។ រីឯការសង្គ្រោះជនរងគ្រោះ និងគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះ មិនទាន់ធ្វើបានទេ។
អគ្គិភ័យនៅបន្តឆេះ នៅបន្ទប់ខាងក្នុង មកក្រៅនៃអគារ ៣ នៃកាស៊ីណូចំនួន២ ក្រុមហ៊ុនគឺ ដាយមេនរីសត ឬហ្គ្រែនដាយអឺម៉ិន ស៊ីធី (Royal G Club ឬ Grand Diamond City ) និងការស៊ីណូប៉ោយប៉ែតរីសត (Casino Poipet Resort ) នៅឡើយ ។ ក្រុមប្រតិបត្តិការពន្លត់ ដោយរថយន្តទឹក ទុយយោ និងមនុស្សធម្មតា ដែលមិនទាន់មានឧបករណ៍ទំនើប ទាន់សម័យជាងនេះ មិនទាន់អាចគ្រប់គ្រងបាននៅឡើយ ។ ក្នុងនោះ សំណង់ស្ពានថ្មើរជើង ចំនួន២ ដែលភ្ជាប់លើផ្លូវជាតិលេខ៥ រវាងកាស៊ីណូទាំងពីរ និងអគារ១ របស់កាស៊ីណូប៉ោយប៉ែតរីសត បានទ្រេត ហើយប្រឈមនឹងបាក់ស្រុត និងដួលរលំដែលមិន អាចប៉ាន់ស្មានបាន ៕/V-PC