ដោយ៖ ដេប៉ូ / ភ្នំពេញ៖ សណ្តាន់ (False mangosteen) គឺជារុក្ខជាតិ គេអាចប្រើផ្លែរបស់វា មកធ្វើជាគ្រឿងម្ជូរ និងចំណែកស្លឹករបស់វា មកធ្វើជាឱសថ ព្យាបាលរោគជំងឺផង។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ថា៖ ដើមសណ្តាន់ មានកម្ពស់ ១០-១៥ ម. សម្បកក្រៅ ពណ៌ខ្មៅ ខាងក្នុង ជ័រពណ៌លឿង។ មែករាងជ្រុង នៅពេលខ្ចី រាងមូលពេលចាស់។ ស្លឹកឈម រាងពងក្រពើក្រាស់ មានប្រវែង ៨-១៥ ស.ម ទទឹង ៣-៥ស.ម។

ផ្កាទ្វេភេទ ឬមានភេទតែមួយ (ផ្កាញី ឬផ្កាឈ្មោល) លើដើមខុសគ្នា ចេញនៅតាម ប្រគាបស្លឹក ឬនៅចុងមែក ផ្ការាយឬកញ្ចុំ មាន ១-៥។ ត្របកផ្កា៤ ស្រទាប់ផ្កា ៤-៥ ក្រាស់រឹង ពណ៌ទឹកក្រូច លាយស្វាយ ឫស និងក្រហមនៅផ្ទៃក្នុង។ ផ្លែរាងមូលទ្រវែង ដូចស៊ុត។ ស្លឹកមានរសជាតិជូរ ចត់ បន្តពូជដោយគ្រាប់ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់ លើដីទំនាប។

ចំពោះការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
-គ្រឿងទេស ស្លឹកបុកសម្រាប់សម្លរគ្រឿង។ ផ្លែស្រស់ប្រើជាម្ជូរ សម្រាប់ប្រហុកឆៅចិញ្រ្ចាំ។
-ឱសថ ស្លឹក និងផ្លែ ស្ងោរត្រាំព្យាបាលកើតពិស និងរោគលឿង៕/V-PC