ដោយៈប.ខុន / ភ្នំពេញៈ នាវាដឹកភ្ញៀវទេសចររួមជាមួយនាវិកសរុបចំនួន ៨២៧នាក់ បានចូលចតនៅកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែធ្ នូឆ្នាំ២០២២ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដែលនេះគឺជាកប៉ាល់ទេសចរណ៍ដ៏ធំទី១បានចូលចតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបន្ទាប់ស្ងប់ស្ងាត់ ការឆ្លងរាលដាលជម្ងឺកូវីដ១៩។

លោក ហួត ហ៊ុយ នាយករដ្ឋបាលសាលាខេត្តព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ថា នេះជាកប៉ាល់ទេសចរណ៍ទី១ដែលបានចូលចតនៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២២ បន្ទាប់ពីស្ងប់ស្ងាត់ការឆ្លងរាលដាលនៃជម្ងឺកូវិដ១៩។

លោកបានបញ្ជាក់ថា ” កប៉ាល់ដែលចូលចតកាលពីព្រឹកមិញដោយមានការអញ្ជើញទទួល ស្វាគមន៍ពីលោកគួច ចំរើន នឹងចាកចេញទៅវិញនៅយប់ថ្ងៃដដែលនេះ” ។

តាមកម្មវិធីនាវាទេសចរណ៍ ឈ្មោះ SEBOURN ENCORE ដែលបានចូលចត នៅកំពង់ផែព្រះសីហនុ នាវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នឹងចាកចេញទៅវិញ នៅម៉ោង ២០ ថ្ងៃដដែល ។ នាវាដែលមានបណ្តោយប្រវែង ២១០,៥០ ម៉ែត្រ ទទឹង ២៨ ម៉ែត្ រនិងជម្រៅ ៦,៧០ ម៉ែត្រនេះ មាននាវិកចំនួន ៤៣២ នាក់ ភ្ញៀវទេសចរ ចំនួន ៣៩៥ នាក់ សរុបចំនួន ៨២៧នាក់ មកពីប្រទេសថៃ រួចទៅបន្តប្រទេសវៀតណាម ដោយភ្ញៀវភាគច្រើន មានសញ្ជាតិអាមេរិក អង់គ្លេស និង អូស្ត្រាលី។

កប៉ាល់ទេសចរណ៍ចូលចតនៅកំពងផែអន្តរជាតិ ខេត្តព្រះសីហនុនេះ កើតមានឡើង បន្ទាប់ពីប្រទេសកម្ពុជា បានទទួល រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន NTO កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និង ការតាំងពិព័រណ៍ទេសចរណ៍ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០២២ និងមហាសន្និបាត ក្លិបឆ្នេរសមុទ្រស្អាតដាច់គេ លើលោកត្រូវបានធ្វើឡើង នៅខេត្តព្រះសីហនុ កាលពីដើមខែធ្នូនេះរួចមក។

គួរឱ្យដឹងផងដែរថា ចំនួនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ បានចាប់ផ្តើមកើនឡើងវិញ បន្ទាប់ស្ងប់ស្ងាត់ការឆ្លងរាលដាល នៃជម្ងឺកូវិដ១៩ ជាពិសេសបន្ទាប់ពី ការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុរួចមក៕/PC