ដោយ៖ សុផល / កំពង់ឆ្នាំង-ពោធិ៍សាត់៖ នៅក្នុងខែធ្នូនេះ កម្មវិធីស្បៀងអាហារ ពិភពលោករបស់ អង្គការសហប្រជាជាតិ (WFP) និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចគាំទ្ររបស់កយកា (KOICA) បានបង្ហាញនូវការទទួលស្គាល់ នូវតួនាទីដ៏សំខាន់របស់ចុងភៅសាលា ក្នុងការញ៉ាំងឱ្យកម្មវិធីអាហារ តាមសាលារៀនអាចដំណើរការទៅបានដោយរលូន តាមរយៈកម្មវិធីប្រកួត ចម្អិនម្ហូប។
លោកស្រី គ្លែរ កូណាន់ អ្នកតំណាង និងជានាយិការបស់ WFP បានមាន ប្រសាសន៍ថាៈ ”កម្មវិធីអាហារតាមសាលារៀន មានឥទ្ធិពលយ៉ាងជាក់ច្បាស់លើសុខភាព ការលូតលាស់និងភាពជោគជ័យរបស់សិស្ស នៅក្នុងថ្នាក់រៀន។ កម្មវិធីប្រកួតចម្អិនម្ហូបតាមសាលា គឺជាវិធីដ៏រីករាមួយក្នុងការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់ចុងភៅសាលា ចំនួន ៣.០០០ នាក់ នៅក្នុងកម្មវិធីអាហារ តាមសាលារៀននៅកម្ពុជា។ អាហារពេលព្រឹកក្តៅៗ មានជីវជាតិ ដែលចម្អិនរៀងរាល់ព្រឹក បានធ្វើដំណើរដ៏វែងឆ្ងាយ ឆ្ពោះទៅអនាគត ដ៏ត្រចះត្រចង់ សម្រាប់កុមារកម្ពុជា។”
លោកវេជ្ជបណ្ឌិត យង់ គន្ធារិទ្ធ អនុប្រធាននាយកដ្ឋានសុខភាពសិក្សា បានមាន ប្រសាសន៍ថាៈ “វាក៏ជាឱកាសមួយផងដែរ សម្រាប់ចុងភៅ ក្នុងការស្វែងយល់ ពីសារៈសំខាន់នៃអនាម័យផ្ទះបាយនិងការអនុវត្តដែលនាំមក នូវសុវត្ថិភាព ចំណីអាហារ ចែករំលែកបទពិសោធន៍ធ្វើម្ហូប និងបង្កើនការយល់ដឹងរបស់ពួកគាត់ អំពីតម្រូវការអាហារ និងមូលដ្ឋានគ្រឹះ នៃអាហារូបត្ថម្ភ នៅតាមសាលារៀន។”
នៅដើមឆ្នាំសិក្សា២០១៦-២០១៧ កម្មវិធីប្រកួតធ្វើម្ហូបនៅសាលា គឺជាការប្រកួត ប្រជែងមួយ ដែលលើកកម្ពស់មុខម្ហូបសុខភាព ដែលមានរសជាតិឆ្ងាញ់ សម្រាប់សិស្សានុសិស្ស និងជំរុញភាពច្នៃប្រឌិត និងការចំណាយដែលមានប្រសិទ្ធភាព។ ចុងភៅម្នាក់ៗ ទទួលបានប្រាក់ប្រាំដុល្លារ សម្រាប់ទិញគ្រឿងផ្សំ។ ពួកគាត់ត្រូវប្រើប្រាស់គ្រឿងផ្សំ យ៉ាងតិចបី ដែលផលិត និងដាំដុះ នៅក្នុងសហគមន៍ និងត្រូវតែអនុលោម តាមគោលការណ៍អាហារូបត្ថម្ភសម្រាប់កុមារ។ មុខម្ហូប ត្រូវបានវាយតម្លៃ ដោយគណៈកម្មការ មកពីនាយកដ្ឋានសុខភាពសិក្សា និងកម្មវិធីស្បៀងអាហារពិភពលោក ដោយដាក់ពិន្ទុលើគំនិតដើម រសជាតិ សណ្ឋាន និងរូបរាងរបស់មុខម្ហូប។ ការរៀបចំបង្ហាញមុខម្ហូបបានស្អាតល្អនឹងទទួលបានពិន្ទុបន្ថែម។
បេក្ខជនដែលទទួលបានជ័យលាភី ចំនួន៣នាក់ មកពីស្រុកនីមួយៗ នឹងចូលរួម ការប្រកួតវគ្គចុងក្រោយ នៅថ្នាក់ខេត្ត ដែលគ្រឿងផ្សំ និងមុខម្ហូ ត្រូវបានបង្ហាញ ភ្លាមៗ ក្នុងពេលការប្រកួតចម្អិន។ ចុងភៅជ័យលាភីចំនួនបីរូបនឹងត្រូវបានជ្រើសរើស ហើយនឹងទទួលបានរង្វាន់។
កាលពីសប្តាហ៍មុនបេក្ខជនដែលឈ្នះ ក្នុងការប្រកួតថ្នាក់ស្រុក សរុបចំនួន ១៥ នាក់ មកពីស្រុកចំនួន៥ ក្នុងខេត្តពោធិ៍សាត់ បានឈានចូលដល់ការប្រកួតវគ្គ ចុងក្រោយ។
ចំណែកនៅខេត្តកំពង់ឆ្នាំង បេក្ខជនដែលឈ្នះចំនួន ១៨ រូប មកពីស្រុកចំនួន៦ ក៏បានចូលរួក្នុងវគ្គចុងក្រោយដែរ ក្នុងសប្តាហ៍នេះផងដែរ។
ចុងភៅទទួលជ័យលាភីលេខ១ ប្រចាំខេត្តនីមួយៗ នឹងទទួលបានប្រាក់រង្វាន់ ចំនួន ១៥០ ដុល្លារ លេខ២ បាន ១២០ ដុល្លារ និងលេខ៣ បាន ១០០ ដុល្លារ។ ចុងភៅជ័យលាភីទាំងអស់ ក៏នឹងទទួលបានប្រាក់រង្វាន់ សម្រាប់សាលារៀនរបស់ គាត់ផងដែរ ចំនួន ១០០ ដុល្លារ ក្នុងមួយសាលា សម្រាប់ទិញសម្ភារៈផ្ទះបាយរបស់សាលា។
សព្វថ្ងៃនេះ មានចុងភៅសាលាជាង ៣.០០០ នាក់ ធ្វើការនៅក្នុងសាលា ចំនួន ១.១១៣ ក្រោមកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន។ អាហារពេលព្រឹក ដែលពួកគាត់ជាអ្នកចម្អិន បានទទួលទានដោយកុមារ នៅសាលាមត្តេយ្យ និងបឋមសិក្សា ប្រហែល ៣០០.០០០ នាក់នៅតាមទីជនបទនៅកម្ពុជា៕/V/R