ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងក្រោយពីគូស្នេហ៍មួយគូបានតោងឡើងអាគារកប់ពពកMerdeka 118របស់ម៉ាឡេស៊ី ដែលជាសំណង់ខ្ពស់បំផុតទីពីរលើលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហ៊ុនដែលគ្រប់គ្រងអាគារ១១៨ជាន់កំពស់៦៧៨,៩ម៉ែត្រនៅទីក្រុងគូឡាឡាំពួរនេះ បាននិយាយថាខ្លួននឹងប្តឹងនរណាដែលត្រូវបានរកឃើញថាលួចចូលទីតាំងនេះ។«យើងចង់បង្ហាញថា អាគារMerdeka 118នៅជាការដ្ឋានសំណង់មួយ និងសុវត្ថិភាពនៅតែជាអាទិភាពរបស់យើង។ក្នុងនាមជាទ្រព្យសម្បត្តិឯកជនមួយ អ្នកលួចលបចូលនឹងទទួលខុសត្រូវចំពោះមុខច្បាប់»។
«យើងនឹងផ្តល់ការគាំទ្រនិងកិច្ចសហការពេញលេញជាមួយអាជ្ញាធរលើបញ្ហានេះ»។
មេប៉ូលិសក្រុងបាននិយាយថា អ្នកទាំងពីរនឹងត្រូវហៅអោយចូលខ្លួនហើយនឹងត្រូវស៊ើបអង្កេត។
កាលពីថ្ងៃពុធ រូបភាពអ្នកឡើងដល់កំពូលអាគារខ្ពស់នេះពីរនាក់ត្រូវបានបង្ហោះចែកចាយក្នុងបណ្តាញសង្គមពីមួយទៅមួយ។អ្នកឡើងទាំងពីរឈ្មោះ អ៊ីវ៉ាន បៀគូស(Ivan Beerkus)និងនាង អ៊ែនជេឡា នីកូឡាវ(Angela Nikolau)ដែលពួកគេអះអាងខ្លួនឯងថាជាអ្នកឡើងទីតាំងដែលប្រឈមគ្រោះថ្នាក់និងពិបាកបំផុតក្នុងលោក។ពួកគេបានថតបង្ហោះសកម្មភាពរបស់ពួកគេនៅជុំវិញពិភពលោក។
បៀគូស មានអ្នកតាមដានចូលមើលជាង២០០.០០០នាក់នៅក្នុងអ៊ីនស្តាក្រាម នៅពេលនីកូឡាវ មានអ្នកចូលមើលជាង៧០០.០០០នាក់។ពួកគេក៏លក់រូបភាពរបស់គេផងដែរ។
ក្នុងអ៊ីនស្តាក្រាម នាងនីកូឡាវ បាននិយាយថានាងកើតនិងធំដឹងក្តីនៅក្រុងមូស្គូ ហើយ«មនុស្សជាច្រើនបាននិយាយថា អារម្មណ៍ចូលចិត្តនឹងភាពហួសហេតុជាអ្វីមានក្នុងឈាមរបស់ខ្ញុំ»។
មនុស្សជាច្រើនដំបូងសួរថាតើរូបភាពមនុស្សប្រុសស្រីមួយគូនៅលើដំបូលអាគារMerdeka 118នេះពិតឬមិនពិត ។កាលពីថ្ងៃពុធបៀគូសបាននិយាយថា អាគារខ្ពស់បំផុតទីពីរក្នុងលោកនេះ«មិនមែនខ្ពស់ដល់ថ្នាក់ឡើងមិនដល់ទេ» ហើយនៅថ្ងៃព្រហស្បតិ៍នេះលោកបានបង្ហោះវីដេអូមួយដែលបង្ហាញលោកជាមួយនាងនីកូឡាវនៅលើដំបូលអាគារ៕
អ្នកនៅលើដំបូលអាគារកំពស់១១៨ជាន់ ជាអ៊ីវ៉ាន បៀគូស និងនាង អ៊ែនជេឡា នីកូឡាវ តែប្រកាសខ្លួនឯងថាជាអ្នកចូលចិត្តឡើងប្រឈមគ្រោះថ្នាក់និងពិបាកបំផុតនិងជាអ្នកបង្កើតអ្វីដែលថ្មី