ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ តំបន់អភិរក្សអេកូទេសចរណ៍រហាលកេស អាវៀន បានមានកំណើនសត្វស្លាបគោក និងសត្វស្លាបទឹក មកទល់ចុងខែធ្នូ ឆ្នាំ២០២២ នេះ ពោលគឺ មុនភ្ញៀវអាចធ្វើដំណើរ តាមម៉ូតូ រថយន្ត ឬយានយន្ត គ្រប់ប្រភេទ តាមផ្លូវគោក ទៅកាន់ផ្លូវគោក អាចទៅទស្សនាសត្វ ចាប់ពីចុងខែមករា ដើមខែកុម្ភៈ តទៅ ពិសេសថ្ងៃសៅរ៍-អាទិត្យ ។​ នេះបើតាមលោក ខុង ប៊ុន មេឃុំឈ្នួរមានជ័យ បានឱ្យដឹងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ។

លោកបានបន្តថាៈ មកទល់ពេលនេះ ផ្លូវខ្នងប្រឡាយ អាចទៅរួច កាត់វាលស្រែ ទៅកាន់ទីនោះ។ ប៉ុន្តែភ្ញៀវទេសចរ ដែលនិយមការទស្សនាបែបនេះ ​ក៏អាចធ្វើ ដំណើរតាមផ្លូវគោកខ្លះ ផ្លូវកាត់ភក់ខ្លះ និងតាមទូក នៅតែអាចទៅបាន អង្គុយមើលថ្ងៃលិច មើលសត្វស្វាប ហើរចូលទ្រនំ រាប់ម៉ឺនសែនក្បាល​ពិសេស នៅវេលាម៉ោង ៥:៣០នាទី ទៅម៉ោង ៦ ល្ងាច ហើយក៏អាចមើលការនេសាទត្រី ជាលក្ខណៈគ្រួសារផងដែរ ។

សូមរំលឹកថា វាលរហាលកែស អាវៀន ទីអភិរក្សអេកូូទេសចរណ៍មច្ឆជាតិ និង សត្វស្លាប រាប់ម៉ឺនសែនក្បាល ដែលសហគមន៍រៀបចំឡើង ដើម្បីកិច្ចការអភិរក្សសត្វ ស្លាបចម្រុះ រាប់ម៉ឺនសែនក្បាល និងមច្ឆជាតិ ព្រមទាំងក៏លើកស្ទួយជីវភាព ប្រជាសហគមន៍ ។ វាស្ថិតត្រង់ទីប្រសព្វ នៃស្ទឹងសិរីសោភ័ណ​និងស្ទឹងមង្គលបូរី​នាព្រំប្រទល់ស្រុកព្រះនេត្រព្រះ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ស្ថិតក្នុងភូមិសាស្ត្រ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ក្នុងនោះ ភ្ញៀវទេសចរជាតិ ក្នុងនិងក្រៅខេត្ត បានទៅទស្សនា រាប់រយនាក់ ក្នុង១ថ្ងៃៗ ពិសេសគឺចុងសប្តាហ៍ និងថ្ងៃបុណ្យឈប់សម្រាក នារដូវប្រាំង ។ កាលពីរដូវវស្សា រដូវទឹកឡើង ភ្ញៀវអាចជិះទូក កាណូត ។

ដើម្បីទៅដល់ទីនោះ ទី១. ត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៦ម ។ ទៅដល់ត្រង់មុខ សាលាឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ត្រូវបត់ចុះទៅត្បូង កាត់ភូមិរពាក់ ក្នុងចម្ងាយប្រមាណជាង ៧ គ.ម ។
ទី២. ធ្វើដំណើរតាមផ្លូវខេត្ត​លេខ១៥៦ដេ មង្គលបុរី- ព្រះនេត្រព្រះ ដល់ត្រង់ស្ពាន និងវត្តស្រមោច ភូមិស្រមោច ឃុំ-ស្រុកព្រះនេត្រព្រះ ត្រូវចុះថ្មើរជើង ក្នុងចម្ងាយប្រមាណជាង ២ គ.ម ឬបើគិតពីក្រុងសិរីសោភ័ណ វាមានចម្ងាយជាង ២០​ គ.ម ។

ប្រវត្តិតំបន់នេះ វាជាទំនប់ស្ទាក់បំបែក បង្វែរទឹក នៃប្រព័ន្ធធារាសាស្ត្រ ដែលកសាងឡើង ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥-៧៩ )។ វាមានផ្ទៃដីទឹក និងព្រៃលិចទឹក​ទំហំ ២​ ៨ហិកតា ។

លោក ខុង ប៊ុន បានបន្តថាៈ សមាសភាពសត្វស្លាប នៅទីនោះ នាឆ្នាំនេះ ក៏ដូចឆ្នាំមុនៗ គឺបានកើនចំនួន គឺមានជិត ១០ ប្រភេទ ដែលជាសត្វស្លាបសំខាន់ៗ ដូចជា ក្រៀលខ្យង ក្អែកទឹក ស្មោញ ត្រយ៉ង ទាព្រៃ ទុងប្រផេះ ខ្វែកធំ ទោម ត្លុុម មាន់ទឹក ជាដើម ក្រៅពីនោះ សត្វកុក ដែលមានរាប់មិនអស់។

សូមរំលឹកថា តំបន់នេះ អាចចែកជា ២ ផ្នែក ៖ ទី១. ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆជាតិចម្រុះ ដូចជា ត្រីរ៉ស ឆ្តោ ផ្ទក់ ឆ្ពិន អណ្តែង ក្រាញ់ ក្រាយ ព្រលូង សណ្តាយ ឆ្លាំង ស្លាត ស្លូញ ខ្ជឹង…។ល។ វាមានទំហំ ចំនួន០៥ហិកតា ដែលហៅ ថា រហាលកែស និងទី២ ជាផ្ទៃទឹក និងមានព្រៃលិចទឹក ដែលហ្វូងសត្វស្លាបចម្រុះ កំពុងស្នាក់នៅ ទុំពងកូន និងរកចំណី ក្នុងចំនួនរាប់ម៉ឺន ក្បាល (បូកនឹងកុកផង មានដល់សែនក្បាល) មានទំហំចំនួន២៣ហិកតា ។ វាមានរាងក្រវិចក្រវៀន ដែលគេហៅថា អាវៀន ហើយឈ្មោះរួម នៃទីអភិរក្សនេះ គេហៅថា ទីអភិរក្សរហាលកែស អាវៀន ៕ V / N