ដោយៈ គង់ហេង / កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានពិនិត្យលទ្ធភាព ដើម្បីប្រែក្លាយផ្លូវក្រួសក្រហម មួយខ្សែ ចម្ងាយជាង ១០ គីឡូម៉ែត្រ ក្នុងស្រុកកំពង់ចាម ទៅជាផ្លូវក្រាលកៅស៊ូ ប្រភេទ ឌីប៊ីអេសធី (DBST) នាពេលឆាប់ៗ ខាងមុខនេះ។ នេះបើយោងតាមការឱ្យដឹង របស់មន្រ្តី ដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តនេះ ដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យជាក់ស្តែង ពីស្ថានភាពផ្លូវ និងប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ ដែលនឹងត្រូវកែប្រែនោះ

ប្រភពនោះ បានឱ្យដឹងថាៈ ផ្លូវក្រាលកៅស៊ូដែលនឹងត្រូវស្ថាបនា មានចម្ងាយសរុប ប្រវែង ១១.៦០០ ម៉ែត្រ នឹងតភ្ជាប់មកកាន់ផ្លូវជាតិលេខ៧១ ក្នុងភូមិសាស្រ្ត ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ឆ្ពោះទៅភូមិល្ពាក ឃុំស្រក ស្រុកកំពង់សៀម ប្រយោជន៍ ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជួនកសិផល ទៅកាន់ទីផ្សារ ឬទីប្រជុំជន បានឆាប់រហ័ស។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ធ្នូ កន្លងមកនេះ លោក ប៊ិន ឡាដា ជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម បានដាក់សំណើទៅកាន់លោក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម គឺដើម្បីស្នើសុំផ្លូវក្រាលកៅស៊ូ ខាងលើ ថាជាផ្លូវយុទ្ធសាស្រ្ត ដ៏សំខាន់មួយ សម្រាប់ប្រជាពលរដ្ឋ ប្រើប្រាស់ដឹកជញ្ជួនកសិផលកម្មសិកម្ម ធ្វើដំណើរ ដឹកអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យ ងាយស្រួលក្នុងការធ្វើដំណើររបស់សិស្ស ទៅសាលារៀន…។ល។…៕ V / N