​ដោយៈ សុផល​/​ភ្នំពេញ​: បច្ចុប្បន្ន​នៅ​កម្ពុជា​កំពុង​អនុវត្ត​កម្មវិធីសិក្សា​មុខវិជ្ជា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង «​ទេសចរណ៍​» ដល់​សិស្ស​វិទ្យាល័យ​ចំណេះ​ទូទៅ​និង បច្ចេកទេស ពោលគឺ​នៅ​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២ បន្ថែម​ពីលើ​មុខវិជ្ជា​ចំណេះដឹង​ទូទៅ​ដែលមាន​ស្រាប់ ខណៈ​នៅ​ដំណាក់កាល​ដំបូង មាន​សាលា​ចំនួន​៤​កំពុង​អនុវត្ត​កម្មវិធីសិក្សា​ជំនាញ​ទេសចរណ៍​នេះ​។​

​ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​ពិធី​ប្រកាស​ផ្សព្វផ្សាយ​កម្មវិធីសិក្សា​ផ្នែក​អប់រំ​បច្ចេកទេស​មធ្យមសិក្សា​ទុតិយភូមិ ផ្នែក​ទេសចរណ៍ ជំនាញ​ការិយាល័យ​ជួរមុខ សម្រាប់​ប្រើប្រាស់​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស នា​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ NOCC​។​

​ក្នុង​ពិធី​ប្រកាស​នេះ លោក ទ្រី ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​និង​អាស៊ាន​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ អ្នកជំនាញ​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីសិក្សា​មុខវិជ្ជា​ទេសចរណ៍​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស គឺជា​ការបន្ថែម​នូវ​ការបង្រៀន​មុខវិជ្ជា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដល់​សិស្ស​ដែល​សិក្សា​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ពោលគឺ​ចាប់ពី​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២​។​

​លោក​បាន​បន្តថា កម្មវិធីសិក្សា​៣​ឆ្នាំនេះ គឺ​ឆ្នាំ​ទី​១-​ថ្នាក់​ទី​១០ ដែលមាន​ការសិក្សា​អំពី​មុខវិជ្ជា​ចំណេះដឹង​ទូទៅ​ផង (​អក្សរសាស្ត្រ​ខ្មែរ ភាសា​អង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌​-​ពលរដ្ឋ សេដ្ឋកិច្ច​ជាដើម​) និង​ទ្រឹស្ដី​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ផង សរុប​៨៣៦​ម៉ោង​, ឆ្នាំ​ទី​២-​ថ្នាក់​ទី​១១ មានការ​សិក្សា​មុខវិជ្ជា​ចំណេះដឹង​ទូទៅ​ដូចគ្នា និង​ទ្រឹស្ដី​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ដូចគ្នា​តែ​ក៏​បូក​ថែម​នូវ​ការអនុវត្ត​ពាក់ព័ន្ធ​នឹង​មុខវិជ្ជា​ទេសចរណ៍​ទៀត​ដែរ សរុប​៨៣៦​ម៉ោង​, ឆ្នាំ​ទី​៣-​ថ្នាក់​ទី​១២ គឺ​សិក្សា​និង​អនុវត្ត​ដូច​ឆ្នាំ​ទី​២ គ្រាន់តែ​កម្រិត​លើស​ឆ្នាំ​ទី​២ សរុប​៧៩៨​ម៉ោង​។ សរុប​ទាំងបី​ឆ្នាំនេះ​គឺ​ម៉ោង​សិក្សា​និង​អនុ​វត្តមាន​ចំនួន​សរុប​២.៤៧០​ម៉ោង​។​

​លោក ទ្រី ឈី​វ បាន​បន្តទៀតថា រយៈពេល​បី​ឆ្នាំនេះ សិស្ស​នឹង​ទទួលបាន​ការសិក្សា​លើ​មុខវិជ្ជា​សំខាន់ៗ ដូចជា សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ការិយាល័យ​ជួរមុខ ផលិតកម្ម​ម្ហូបអាហារ គេហកិច្ច ការី​ទេសចរណ៍ ការប្រើប្រាស់​កុំព្យូទ័រ បូករួម​នឹង​ចំណេះដឹង​ផ្សេងៗ​ទៀត​និង​ការអនុវត្ត​ជាក់ស្ដែង​ផងដែរ​។ លោក​ថា សិស្ស​ខ្លះ នៅពេល​រៀន​បាន​យល់ដឹង​ច្រើន ក៏មាន​ឱកាស​រក​ការងារ​ធ្វើ​បណ្ដើរៗ​។ អ្នក​ខ្លះទៀត​បន្ទាប់ពី​បញ្ចប់​ការសិក្សា អាច​ទៅធ្វើ​ការ​ផ្ទាល់​តែម្ដង​ក៏បាន ឬ​អាច​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ទៀត​ក៏បាន​ដោយ​សញ្ញាបត្រ​មុខវិជ្ជា​ទេសចរណ៍​របស់​ពួកគេ មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

​គួរ​ជម្រាប​ថា បច្ចុប្បន្ននេះ មាន​សាលា​ចំនួន​៤​ដែល​កំពុង​អនុវត្ត​កម្មវិធីសិក្សា​នេះ ក្នុងនោះ​រួមមាន​៖ ១-​វិទ្យាស្ថាន​ចំណេះ​ទូទៅ​និង​បច្ចេកទេស​អនុវត្ត​កំពង់​ឈើទាល ខេត្តកំពង់ធំ ២-​វិទ្យាស្ថាន​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឯកជន សន្ត​ហ្វ្រ​ង់​ស្វ័​រ ខេត្តតាកែវ មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តសៀមរាប និង ៤-​សាលា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឯកជន អេ​ស៉ី​ធី រាជធានី​ភ្នំពេញ​។​

​លោកស្រី ម៉ា​ថា​លា ឡូ នាយិកា​សាលា​ចំណេះ​ទូទៅ និង​បច្ចេកទេស​ឯកជន អេ​ស៊ី​ធី បាន​ថ្លែងថា​ការបណ្ដុះបណ្ដាល​មុខវិជ្ជា​ទេសចរណ៍​នៅ​កម្រិត​វិទ្យាល័យ​នេះ មាន​គោលបំណង​គាំទ្រ​ដល់​ទេព​កោសល​របស់​សិស្ស​កម្ពុជា ឱ្យ​ពួកគេ​ក្លាយជា​អ្នក​ដែលមាន​ជំនាញ​ពិតប្រាកដ​តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​ចាប់ពី​កម្រិត​វិទ្យាល័យ​ទៅ​។​

​លោកស្រី​នាយិកា​បាន​បន្តថា សម្រាប់​សាលា​អេ​ស៊ី​ធី ប្រសិនបើ​សិស្ស​ណា​ម្នាក់​គ្មាន​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) ទេ​ពួកគេ​អាច​ចូលរៀន​វគ្គ​បំប៉ន​តម្រង់ទិស​ជំនាញ​ទេសចរណ៍​សិន ដើម្បី​ទទួលបាន​សញ្ញាបត្រ​ដែល​សមមូល​ជាមួយ​សញ្ញាបត្រ​ឌី​ផ្លូ​ម​មុន​ចូលរៀន​ថ្នាក់​ទី​១ (​ថ្នាក់​ទី​១០) ឆ្នាំ​ទី​២ (​ថ្នាក់​ទី​១១) និង​ឆ្នាំ​ទី​៣ (​ថ្នាក់​ទី​១២) ដូច​សិស្ស​ដទៃ​។​

​លោកស្រី​បាន​បន្តទៀតថា នៅ​ឆ្នាំ​ទី​២ និង​ឆ្នាំ​ទី​៣ សាលា​អេ​ស៊ី​ធី​មាន​កម្មវិធីសិក្សា​ទ្រឹស្ដី​រយៈពេល​៣​ខែ និង​អនុវត្ត​រយៈពេល​៣​ខែ​ឆ្លាស់​ទៅ​ឆ្លាស់​មក​រហូតដល់​ចប់​ឆ្នាំ​។ ចំពោះ​ការអនុវត្ត គឺ​សាលា​មាន​ដៃគូ​ជាមួយ​ស្ថាប័នឯកជន​មួយចំនួន ដូចជា សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា សណ្ឋាគារ​រ៉ា​ហ្វ​ហ្វ​ល សណ្ឋាគារ​ហៃ​យ៉ា​ត់រី​ជិន​ស៊ី​ភ្នំពេញ​ជាដើម​។​

​តាម​លទ្ធផល​ដែល​លោកស្រី​នាយិកា​សាលា​អេ​ស៊ី​ធី​លើកឡើង នៅពេល​បញ្ចប់​ការសិក្សា​រយៈពេល​៣​ឆ្នាំទៅ​សិស្ស​មាន​សមត្ថភាព​ក្នុងការ បំពេញការងារ​នៅតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ខ្លះ​បើក​មុខរបរ​តិចតួច​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដោយ​ខ្លួនឯង​ខ្លះ​ក៏​បន្ត​ការសិក្សា នៅ​សាកលវិទ្យាល័យ​។ សិស្ស​មួយទៀត ក្នុងពេល​សិក្សា​ឆ្នាំ​ទី​២ និង​ឆ្នាំ​ទី​៣​នោះ ពួកគេ​បាន​សហការគ្នា​បង្កើតជា​គេហទំព័រ​ទេសចរណ៍ និង​ទស្សនាវដ្ដី​ទេសចរណ៍​សម្រាប់​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា​។​

​លោកស្រី​នាយិកា ម៉ា​ថា​លា ឡូ​មាន​សំណូមពរ​ចង់ឱ្យ​រាជរដ្ឋាភិបាល​លើកស្ទួយ​នូវ​កិត្តិនាម​វិទ្យាល័យ​ដែលមាន​ការបណ្ដុះ​បណ្ដា​ជំនាញ​ទេសចរណ៍ ដែល​លោកស្រី​ពោលថា «​វិទ្យាល័យ​បែបនេះ​គួរតែ​ក្លាយជា​វិទ្យាល័យ Credit Best»​។ ម្យ៉ាងទៀត​សិស្ស​ដែល​រៀន​មុខវិជ្ជា​ទេសចរណ៍​នេះ ពួកគេ​ត្រូវការ​អនុវត្ត​ផ្ទាល់ ក៏ដូចជា​រកប្រាក់​ចំណូល​ក្នុងពេល​សិក្សា ដើម្បី​ទ្រទ្រង់​ការសិក្សា​ផងដែរ​។​

​នាឱកាស​នោះដែរ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា​ការប្រកាស​ផ្សព្វផ្សាយ​កម្មវិធីសិក្សា​ផ្នែក​អប់រំ​បច្ចេកទេស​មធ្យមសិក្សា​ទុតិយភូមិ ផ្នែក​ទេសចរណ៍ ជំនាញ​ការិយាល័យ​ជួរមុខ សម្រាប់​ប្រើប្រាស់​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​នាពេលនេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ប្រព័ន្ធ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ជាតិ​ពោលគឺ​ការដាក់បញ្ចូល​ជា​លើក​ទី​១​នូវ​កម្មវិធីសិក្សា​ដល់​កម្រិត​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ដែល​នឹង​ផ្តល់នូវ​ឱកាស​ឱ្យ​សិស្សានុសិស្ស​អាច​ចាប់យក​ជំនាញ​ទេសចរណ៍​ទាំង​នៅ​វ័យក្មេង និង​ទទួលបាន​សញ្ញាបត្រ​បច្ចេក​ទេស និង​វិជ្ជាជីវៈ ដែលមាន​តម្លៃ​សមមូល​នឹង​សញ្ញាបត្រ​បាក់​ឌុប​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា កម្មវិធីសិក្សា​នេះ​ក៏​នឹង​ផ្ដល់​ជម្រើស​ការងារ​និង​ជំនាញ​បន្ថែមទៀត​ដល់​យុវជន​កម្ពុជា​ក្នុងការ​ចាប់យក​ជំនាញ​ទេសចរណ៍ ទាំង​សម្រាប់​យុវជន​ជាប់ ឬ​ធ្លា​ក់បាក់​ឌុប ឬក៏​យុវជន​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​ទី​៩​។​ដើម្បី​អនុវត្ត​នូវ​កម្មវិធីសិក្សា​ទេសចរណ៍ ជំនាញ​ការិយាល័យ​ជួរមុខ ឆ្នាំ​ទី​១ ទី​២ និង​ទី​៣ ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ លោក​រដ្ឋមន្ត្រី ថោង ខុន បានផ្ដល់​អនុសាសន៍​ឱ្យ​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ និង​អនុវត្ត​ស្តង់ដា​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​អាស៊ាន តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស សហការ​រៀបចំ​បណ្ដុះបណ្ដាល​ដល់​គ្រូបង្រៀន និង​អ្នកវាយតម្លៃ​តាម​សាលា​ដៃគូ​ដែល​នឹង​ទទួល​អនុវត្ត​កម្មវិធីសិក្សា​ទេសចរណ៍​នេះ​ឱ្យ​ស្របតាម​លក្ខខណ្ឌ​តម្រូវ​របស់​អាស៊ាន​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ណែ​នាំឱ្យ​ផ្សព្វផ្សាយ និង​ពិនិត្យ​លទ្ធភាព​បង្កើន​ស្ថាប័ន​បណ្ដុះបណ្ដាល​កម្មវិធីសិក្សា​នេះ​ដល់​សិស្សានុសិស្ស​មានដូចជា​សាលា​វិទ្យាល័យ​ឯកជន ឬ​សាលា​បណ្ដុះ​ណ្ដា​ល​របស់​អង្គការក្រៅរដ្ឋាភិបាល​នានា​។​

​សូមបញ្ជាក់ថា កម្មវិធីសិក្សា​មុខវិជ្ជា​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ដល់​សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​នេះ​គឺ​ស្របទៅនឹង​ស្ដង់ដា​បណ្ដុះបណ្ដាល​អាស៊ាន​៕​/R