​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​ទាំងអស់​ដែល​បាន​យកចិត្តទុកដាក់ និង​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុងការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ រហូត​បើក​សេដ្ឋកិច្ច​ប្រទេស​អោយ​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ រហូតមកដល់​ពេលនេះ​។​

​ការកោតសរសើរ​បែបនេះ​របស់លោក​អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង ខណៈ​លោក​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​សកម្មភាព​ការងារ នៃ​ការគ្រប់គ្រង​ផ្សារ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១៤ និង​ប្រធាន​ផ្សារ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​។​

​លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា​៖ ក្នុងតំណាក់កាល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​និង​ប្រធាន​គណៈកម្មការ​ផ្សារ​រដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំង បាន​លះបង់​ទាំង​កម្លាំងកាយ​និង​កម្លាំងចិត្ត ដោយ​មិន​ខ្វល់​ថា​ជា​ពេលយប់​ឬ​ថ្ងៃ​ឡើយ សំខាន់​ធ្វើយ៉ាងណា​អោយ​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ​បាន​ឆ្លង​ផុតពី​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ ។ អ្វីដែល​ជាការ​ខិតខំ​ប្រឹង​ប្រែង មិន​ខ្លាច​នឿយហត់​ពី​សំណាក់​អាជ្ញាធរ​និង​គណៈកម្មការ​ផ្សារ​នេះ​ទើប​ធ្វើអោយ​យើង​អាច​បើក​សេដ្ឋកិច្ច​ប្រទេស​អោយ​ដំណើរការ​ជា ប្រក្រតី​ឡើងវិញ​។​

​គួរ​បញ្ជាក់ថា គិត​មកដល់ពេលនេះ ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​២៥​ផ្សារ ហើយ​ក្នុងតំណាក់កាល​នៃ​ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ គណៈកម្មការ​ផ្សារ​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​៕​/R