ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ កុមារប្រុសស្រី ប្រាំនាក់ រួមទាំងទារកម្នាក់ ទើបកើតបាន ២ ខែផង បានត្រូវឪពុកម្តាយ ស្លាប់ចោល ដោយបន្សល់ទុកឱ្យពួកគេ ក្លាយជាក្មេងកំព្រា និងកំពុងរស់នៅយ៉ាងឯកោលើផ្ទះ ដែលត្រូវបានរើឡើងពីទឹក មករស់នៅលើគោក ក្នុងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ។ ពាក់ព័ន្ធនឹងក្មេង កំព្រាទាំងប្រាំនាក់នេះ លោកមេឃុំផ្លូវទូក ស្នើសុំអាជ្ញាធរខេត្ត ជួយអន្តរាគមន៍ យកដាក់មណ្ឌលកុមារកំព្រា។​

មេឃុំផ្លូវទូក លោក ប៉ាត់ គន បានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នេះថា៖ អ្វីដែលលោកបានឃើញ ពិតជាអាណិតអាសូពេកណាស់ដែលគ្រួសារ មួយ មានម្ដាយបានស្លាប់ចោល ២ខែ បន្ទាប់មក ឪពុកក៍បានស្លាប់ចោលទៀត ដោយបន្សល់ទុកកូនប្រុសស្រី ប្រាំនាក់ ក្នុងនោះ ក៍មានទារកម្នាក់ទៀត ដែលទើបនឹងកើតបាន ២ ខែ បើគិតត្រឹមថ្ងៃនេះ (២៩ ធ្នូ) ។ គ្រួសារនេះ មាន ម្ដាយឈ្មោះ ស្រៀង ចម្រើន អាយុ ៣៩ ឆ្នាំ ឪពុកឈ្មោះ ភី សាម៉េត អាយុ ៣២ ឆ្នាំ គ្រួសារនេះ មានកូន ប្រាំនាក់ នៅក្នុងបន្ទុកដែលកូនស្រីច្បង អាយុ ១៣ ឆ្នាំ និងកូនប្រុសប្អូន អាយុទើបបាន ២ ខែ ។

លោក មេឃុំផ្លូវទូក បានប្រាប់ដឹងទៀតថា៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ត្រីជាម្ដាយឈ្មោះ ស្រៀង ចំរើន បានឈឺពោះសម្រាលកូនទី៥  ហើយបានមក សម្រាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែនៅពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែស្ត្រី ជាម្តាយ មានជំងឺហើយស្លាប់ចោលកូនបាត់ទៅ។ ក្រោយពេលស្ត្រី ជាប្រពន្ធស្លាប់ បុរសជាប្ដីឈ្មោះ ភី សាម៉េត ដែលមានជំងឺផ្លូវចិត្ត បានដើរចោលកូន បាត់ៗពីផ្ទះ ដោយទុកកូនៗ ឱ្យនៅកំព្រាឯកោ  តែក្រោយមកមិនបានប៉ុន្មានផង បុរសជាប្តី ដែលត្រូវជាឪពុក ក៍មានជំងឺ ហើយក៍បានស្លាប់ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ បន្តទៀត ដោយបានបន្សល់ទុកក្មេងកំព្រា ប្រាំនាក់ ឱ្យរស់នៅតែល តោល។

លោក ប៉ាត់ គន បានបន្តទៀតថាៈ​​ គ្រួសារនេះ ជាគ្រួសារមួយ ដែលបានបន្លាស់ទី​ពីការរស់នៅលើទឹក មករស់នៅលើគោក ដូចគ្រួសារដទៃទៀត ក្នុងឃុំផ្លូវទូកដែរ ប៉ុន្តែមានជីវភាពក្រលំបាកជាងគេ ។ កន្លងទៅ អាជ្ញាធរឃុំ​បានជួយឧបត្ថម្ភជា ស្បៀងអាហារ​ជាបន្តបន្ទាប់ ។ សូម្បីតែការស្លាប់របស់ស្ត្រី ជាប្រពន្ធ និងបុរសជាប្ដី ក៍ពុំមានលុយធ្វើបុណ្យដែរ គឺត្រូវបានអាជ្ញាធរមូលដ្ឋាន ជួយឧបត្ថម្ភ និងរៃលុយគ្នា ពីអ្នកភូមិ មកជួយធ្វើបុណ្យឱ្យ ។

នៅពេលនេះ កូនៗកំពុងតែរស់នៅជាក្មេងកំព្រាតែលតោល ចំណែកទារកទើបកើត បាន២ខែ ត្រូវបានម្ដាយមីង ដែលត្រូវជាប្អូនបង្កើតរបស់ ឈ្មោះ ភី សាម៉េត ឈ្មោះ ភី សោភា ជាអ្នកយកទៅចិញ្ជឹមបីបាច់ថែរក្សាបន្ត ។

លោកបាននិយាយទៀតថាៈ ក្នុងនាមជាមេឃុំ បានឯកភាពគ្នា ពីក្រុមគ្រួសារកុមារ កំព្រា សំណូមពរដល់អាជ្ញាធរខេត្ត សូមមេត្តាជួយឧបត្ថម្ភ ដល់ក្មេងកំព្រាទាំងនោះ ផង ឬបើអាចសូមយកកុមារកំព្រាទាំងនោះ ទៅដាក់នៅមណ្ឌលកំព្រាផងចុះ ។

នៅថ្ងៃនេះដែរ លោក ឈៀង ចន្ធី ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំង និងសហការី បាននាំយកអំណោយផ្តល់ជូនកុមាកំព្រា ទាំងប្រាំនាក់ ដែលឪពុកម្ដាយ បានស្លាប់ចោលអស់ មានអង្ករ ៥០ គីឡូ មីមួយកេស ត្រីខមួយយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ កន្ទេលមួយ មុងមួយ រួមនឹងថវិកាមួយចំនួន៕ V / N