ដោយៈ សុខុម / ក្រចេះ ៖ “ រមណីយដ្ឋានធម្មជាតិបឹងកោះសុក្រម ” កែច្នៃពី ធម្មជាតិ ឱ្យក្លាយទៅជារមណីយដ្ឋាន ដ៏ស្រស់បំព្រង ដែលស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ។ រមណីយដ្ឋានមួយនេះ កំពុងរៀបចំថ្មីបន្ថែមទៀត លើផ្ទៃទឹកបឹង ធំ ល្វឹងល្វើយ កាន់តែមានភាពទាក់ទាញភ្ញៀវទេសចរ ក្នុងដំណើរកម្សាន្ត រៀងរាល់ថ្ងៃ ចុងសប្តាហ៍ ឬក៏បុណ្យទានធំៗ ពិសេសនោះ នៅថ្ងៃដាច់ឆ្នាំសកល ខាងមុខនេះ។
មុននឹងទៅដល់រមណីយដ្ឋានធម្មជាតិ បឹងកោះសុក្រម យើងត្រូវធ្វើដំណើរចេញ ពីរង្វង់មូលព្រាបស ក្រុងក្រចេះ តាមផ្លូវជាតិលេខ៧ ក្រចេះ-ស្នូលដែលមានចម្ងាយ ប្រមាណប្រាំបួនគីឡូម៉ែត្រយើងនឹងឃើញមានផ្លូវចូលនៅខាងស្ដាំដៃ ដោយមាន ស្លាកប្រាប់ពីឈ្មោះរមណីយដ្ឋាន។ យើងធ្វើដំណើរតាមផ្លូវនេះ ប្រហែលជាបួនគីឡូម៉ែត្រទៀតបានទៅដល់ទីនោះដូចបំណង។ រមណីយដ្ឋានធម្មជាតិបឹងកោះសុក្រមស្ថិតនៅក្នុងភូមិជួរជ្រៃ ឃុំដា ស្រុកចិត្របុរីខេត្តក្រចេះ។
មុននេះ តំបន់នោះ គឺជាផ្ទៃទឹកបឹងធម្មជាតិ ពុំសូវមានមនុស្សរស់នៅច្រើន ដូចសព្វថ្ងៃនេះទេ។ ចាប់ផ្ដើមពីមានការរៀបចំជារមណីយដ្ឋាន បឹងកោះសុក្រម មកស្របពេលអាជ្ញាធរ មានការអភិវឌ្ឍន៍ផ្លូវ ពីភាពស្ងាត់ជ្រងំ មកជាភាពអ៊ូអរ មានផ្ទះប្រជាពលរដ្ឋ រស់នៅជាបន្តបន្ទាប់ មិនតែប៉ុណ្ណោះ ចាប់តាំងពីមាន រមណីយដ្ឋាន បឹងកោះសុក្រម មានភ្ញៀវទេសចរ ចេញចូលរាល់ថ្ងៃ ហើយអាជ្ញាធរ ចាប់ផ្ដើមអភិវឌ្ឍន៍ដី នៅតំបន់នោះ ក៏ចាប់ផ្ដើម មានតម្លៃផងដែរ។
ពេលទៅដល់រមណីយដ្ឋាន បឹងកោះសុក្រម យើងឃើញមានកន្លែង សម្រាប់ចត រថយន្តត្រឹមត្រូវ និងមានកន្លែងអង្គុយកម្សាន្តទទួលទានអាហារ រាប់រយកន្លែងដែលមានតម្លៃសមរម្យ។ ផ្ទៃទឹកធំល្វឹងល្វើយ ប្របជាប់មាត់ផ្ទៃបឹងមានការរៀបចំ ជាកន្លែ អង្គុយលេងមានរង្វង់មូល ជារូបបេះដូង មានទូកសម្រាប់ហែលទឹក កន្លែងការពារសុវត្ថិភាព ដល់ភ្ញៀវចុះងូតទឹក។ ភ្ញៀវក៏ទាញទូរសព្ទដៃថតរូបជាប់ផ្ទៃទឹក បឹងធម្មជាតិបៃតងស្រស់ដែលស្ថិតនៅមាត់បឹងមានពណ៌ខៀវស្រងាត់ ថ្លាឈ្វេង។
លោកស្រី ទត ផស្តា ភ្ញៀវទេសចរ មកពីឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ បានរៀបរាប់ប្រាប់ឲ្យដឹងថាៈ ដោយសារតែរមណីយដ្ឋាន បឹងកោះសុក្រម រៀបចំកែច្នៃថ្មី ឲ្យកាន់តែមានភាពទាក់ទាញ ទើបនាងនិងក្រុមគ្រួសារ មិត្តភក្កិ ទៅមើលទេសភាព ទទួលទានអាហារ កម្សាន្តដោយសប្បាយរីករាយនៅទីនោះ។
លោស្រី សំ សុនី វ័យ៤៤ឆ្នាំ ចុងភៅ បម្រើការងារនៅក្នុងរមណីយដ្ឋាន បឹងកោះសុក្រម បាននិយាយរៀបរាប់ប្រាប់ ពីមុខម្ហូបដ៏ពិសេស ប្រចាំតំបន់ មានឱជារស មាននៅទីនោះ ឲ្យដឹងថាៈ ម្ហូបនៅទីនេះ មានដូចជាមាន់ដុត ត្រីបំពងឆាក្តៅគ្រឿងសមុទ្រ គ្រប់មុខបាយឆា ជាដើម។ ក្រៅពីនេះ ក៏មានលក់ភេសជ្ជៈ ជាច្រើនមុខ កាហ្វេប្រេនផងដែរ។
លោក អ៊ូគី ហួត ម្ចាស់រមណីយដ្ឋានធម្មជាតិ បឹងកោះសុក្រម បានរៀបរាប់ថាៈ ក្រោយស្ថានភាពជំងឺកូវីដ ១៩ បានស្ងប់ស្ងាត់ទៅវិញ ហើយប្រ មុខរាជរដ្ឋាភិបាល បានបើកប្រទេសឡើងវិញនោះ លោកក៏បានរៀបចំរមណីយដ្ឋាននេះ ជាបន្ត ដើម្បីទទួលភ្ញៀវមកកម្សាន្ត និងមានសេវាកម្មម្ហូបអាហារជាច្រើនមុខ។ ការរៀបចំនេះ ក៏មានការអនុញ្ញាតពីស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងខេត្តក្រចេះផងដែរ ដើម្បីបង្កើត ឡើងជាកន្លែង ភោជនីយដ្ឋាន និងកម្សាន្តតាមបែបធម្មជាតិ។ ភ្ញៀវទេសចរក្រៅពីធ្វើដំណើរទៅកម្សាន្តភ្លក្សរសជាតិម្ហូបអាហារ ក្នុងរមណីយដ្ឋាន អាចវិលត្រឡប់ទៅស្នាក់នៅ ក្នុងក្រុងក្រចេះវិញ ដោយសុវត្ថិភាព ៕ V / N