ដោយៈ មុនីរ័ត្ន / ភ្នំពេញ៖ សមត្ថកិច្ច បានបញ្ជាក់ប្រាប់រស្មីកម្ពុជា នៅមុននេះបន្តិច ថាៈ ជនរងគ្រោះ ចំនួន ១១៧ នាក់ ដោយក្នុងនោះ មានជនជាតិថៃ ចំនួន ៧៩នាក់ ដោយសារការឆេះកាស៊ីណូ ហ្រ្គេន ដាយមិន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្រះកែវ ប្រទេសថៃ។ ក្នុងចំណោមជនរងគ្រោះ ទាំងជាង ១០០នាក់ គឺមានម្នាក់បានស្លាប់។ បន្ទប់សង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យ ត្រូវបានពេញ និងបានពង្រីកបន្ថែម ដើម្បីជួយសង្គ្រោះជនរងគ្រោះ។

ហេតុការណ៍អគ្គិភ័យ ឆេះអគារកាស៊ីណូប៉ោយប៉ែតរីសត និងកាស៊ីណូហ្គ្រេនដាយ ម៉ិន ស៊ីធី ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង ១១ យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។

មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី ២៩ ខែធ្នូនេះ ឲ្យដឹងថាៈ កាស៊ីណូហ្រ្គេនដាយមិន មានបុគ្គលិកបម្រើការ នៅក្នុងនោះ ប្រមាណជា ៤០០ នាក់។ តាមព័ត៌មានបឋម មានអ្នកស្លាប់ចំនួន ១៩ នាក់ និងរបួសធ្ងន់ចំនួន ២៣ នាក់ និងរបួសស្រាលជាង ៥០ នាក់។

ចំណែកលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មាន កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូថាៈ អគ្គិភ័យឆាបឆេះនៅកាស៊ីណូ បានបណ្តាលឱ្យមនុស្សចំនួន ១៦ នាក់​បានស្លាប់ និងរបួស ៥៨ នាក់ ហើយមាន ភ្ញៀវ និងបុគ្គលិកកាស៊ីណូ ជាប់លើអគារ ក៏បានលោតចុះពីលើអគារ បណ្តាលឱ្យ ស្លាប់ និងរបួស ដែលត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រទេសថៃ និងមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

គួរបញ្ជាក់ថា រហូតមកដល់ម៉ោងជិត ៦ ល្ងាចថ្ងៃទី២៩ ខែធ្នូ នេះ អគ្គិភ័យ ឆេះ នៅក្នុងកាស៊ីណូ ហ្រ្គេនដាយមិន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ។ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងជួយអន្តរាគមន៍ រុករកមនុស្សដែលនៅក្នុង កាស៊ីណូ និងបានប្រើរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីបាញ់ទឹកពន្លត់៕ V / N