ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មនុស្សប្រាំនាក់បានស្លាប់និង៣៧នាក់រងរបួសបន្ទាប់ពីរថយន្តក្រុងមួយនិងរថយន្តធំដឹកទំនិញមួយបុកគ្នាបង្កអគ្គិភ័យនៅក្នុងរូងនៃផ្លូវល្បឿនលឿនមួយនៅជាយក្រុងសេអ៊ូលកាលពីថ្ងៃព្រហស្បតិ៍ ។
រូបភាពនៃកន្លែងកើតហេតុបង្ហាញអណ្តាតភ្លើងដ៏ធំនិងកំសួលផ្សែងហុយចេញពីផ្លូវរូងក្រោមដី នៅពេលអ្នកពន្លត់ភ្លើងរាប់រយនាក់បានតស៊ូនឹងភ្លើងដើម្បីគ្រប់គ្រងវា។បើតាមមន្ត្រីនាយកដ្ឋានអគ្គិភ័យម្នាក់ អគ្គិភ័យបានចាប់ផ្តើមនៅពេលរថយន្តក្រុងបុករថយន្តដឹកទំនិញមួយនៅប្រមាណជាម៉ោង១និង៥០នាទីរសៀលនៅផ្លូវល្បឿនលឿនក្នុងក្រុងវ៉ាឈីអន(Gwacheon)។
ផ្លូវរូងដែលសង់ឡើងលើដីដើម្បីការពារកុំអោយឮសម្លេងយានយន្តដល់អ្នករស់នៅក្នុងសំណង់ជុំវិញ ត្រូវអណ្តាតភ្លើងឡោមព័ទ្ធភ្លាមៗមុនក្រុមអគ្គិភ័យគ្រប់គ្រងបាន។
បន្ទាប់ពីការត្រួតពិនិត្យនិងវាយតំលៃ មនុស្ស៥នាក់បានស្លាប់និង៣៧នាក់ទៀតរងរបួសដោយខ្លះរបួសដោយរលាកភ្លើង ។
សាក្សីម្នាក់បានប្រាប់ទូរទស្សន៍YTNថា រថយន្ត៤៤គ្រឿងត្រូវបានបំផ្លាញក្នុងអគ្គិភ័យនេះ។
គ្រោះថ្នាក់នេះកើតឡើងប្រហែលមួយខែក្រោយមនុស្ស១៥០នាក់ភាគច្រើនជាស្ត្រី ត្រូវបានសម្លាប់ដោយការប្រជ្រៀតជាន់គ្នានៅសង្កាត់អ៊ីតេវ៉ុន ក្នុងក្រុងសេអ៊ូលក្នុងពេលអបអរបុណ្យហាឡូវីន៕
អណ្តាតភ្លើងនិងផ្សែងខ្មៅហុយចេញពីផ្លូវរូងតាមផ្លូវល្បឿនលឿនមួយក្នុងទីក្រុងវ៉ាឈីអន កាលពីថ្ងៃ២៩ធ្នូ