ដោយ៖ ដេប៉ូ / កំពត៖ «កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាល សម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមក សម្រាប់ប្រទេសកម្ពុជា។ នេះគឺជាការថ្លែងបញ្ជាក់ពីសំណាក់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងឱកាសចូលរួមជាគណៈអធិបតី កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថាខេត្តកំពត។

ថ្លែងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទបូកគោ ទិរួមខេត្តកំពត លោក នេត្រ ភក្រ្តា បានឱ្យដឹងថា៖ ខួបអនុស្សាវរីយ៍ ២៤ ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដែលដាក់ចុះដោយសម្តេចតេជោ ហ៊ុន សែន បញ្ចប់សង្គ្រាមស៊ីវិល និងនាំយកសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។

ជាមួយការវាយតម្លៃខ្ពស់ពីសមិទ្ធផល ដែលមន្ទីរបរិស្ថាន សម្រេចបាន នាឆ្នាំ២០២២ កន្លងទៅ សម្រាប់ខេត្តកំពត លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានមានប្រសាសន៍ថាៈ ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាពនយោបាយរយៈពេល ២៤ ឆ្នាំមកនេះ កម្ពុជាមានលទ្ធភាពពេញលេញ ធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ហើយសេដ្ឋកិច្ចមានកំណើនខ្ពស់ជាបន្តបន្ទាប់ ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ជាមធ្យមក្នុងរង្វង់ ៧ ភាគរយក្នុងមួយឆ្នាំ មុនមានវិបត្តិជំងឺកូវីដ-១៩។

លោកបានបញ្ជាក់បន្ថែមថាៈ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យនេះ គឺជាបុរេលក្ខខណ្ឌមិនអាចខ្វះ សម្រាប់កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅកម្ពុជា និងបានផ្តល់ឱកាសនិងធនធានដល់ មន្ទីរបរិស្ថានខេត្តកំពតបំពេញការងារ ដើម្បីបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថាៈ ក្រោយពីកម្ពុជា ងើបឡើងវិញពីផេះផង់ សមុទ្រឈាម ទឹកភ្នែក និងគំនរឆ្អឹងនៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតឡើងវិញនូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ដែលជាការឆ្លុះបញ្ចាំង អំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយ ក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន៕/V-PC