ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង និងជាប្រធានលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្តីពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាង ផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេស លេខាធិការដ្ឋាន នៃក្រុមការងាររដ្ឋាភិបាលឌីជីថល និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ក្រុមការងារបច្ចេកទេស នៃលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេប ស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំ សេចក្តីព្រាងផែនការយុទ្ធសាស្រ្ត បច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ២០២៣-២០២៧ ដោយក្រុមការងារបច្ចេកទេស បានរៀបចំកែសម្រួលទម្រង់ផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្ត ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបំពាក់ សម្រាប់បម្រើការងារ នៅអគារទីស្តីការក្រសួងមហាផ្ទៃថ្មី ផងដែរ។

ស្របជាមួយគ្នានេះដែរ ក្រុមការងារបច្ចេកទេស ក៏បានលើកឡើង អំពីការត្រៀមខ្លួន ដើម្បីធ្វើយ៉ាងណា អភិវឌ្ឍន៍ខ្លួនឱ្យទាន់សភាពការណ៍វិវត្តន៍ នៃបច្ចេកវិទ្យាឌីជីថល នៃយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ផងដែរ។

ឆ្លើយតបទៅនឹងវឌ្ឍនភាព ផែនការយុទ្ធសាស្រ្តដែលក្រុមការងារបច្ចេកទេស បានរាយការណ៍ជូនអង្គប្រជុំ លោកឧត្តមសេនីយ៍ឯក ហោ សំអាត បានវាយតម្លៃខ្ពស់ ចំពោះក្រុមការងារបច្ចេកទេស នៃក្រុមការងារលេខាធិការដ្ឋាន ដែលបានខិតខំប្រឹងប្រែង រៀបចំកែសម្រួលបំពេញបន្ថែម ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងឆ្លងកាត់កិច្ចប្រជុំពិនិត្យពិភាក្សា យ៉ាងល្អិតល្អន់បំផុត។ ទន្ទឹមនេះដែរ លោក ឧត្តមសេនីយ៍ឯក បានជំរុញដល់ក្រុមការងារឱ្យបន្តធ្វើការសហការឱ្យបានជិតស្និទ្ធបន្ថែមទៀត ជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យមានភាពច្បាស់លាស់ សម្រាប់មន្រ្តីបច្ចេកទេស មានទិសដៅក្នុងការអនុវត្តការងារ ជូនក្រសួងមហាផ្ទៃ សម្រេចបានភាពជោគជ័យ កាន់តែខ្ពស់បន្ថែមទៀត។

ជាថ្មីម្តងទៀត លោកឧត្តមសេនីយ៍ឯក ហោ សំអាត បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានរបស់ក្រុមការងារ ជាពិសេស ដែលធ្វើឲ្យលេខាធិការដ្ឋាន ក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ទទួលបាននូវលទ្ធផលសំខាន់ៗថ្មី ជាច្រើន ហេីយក៏បានណែនាំបន្ថែមដល់ក្រុមការងារ និងថ្នាក់ដឹកនាំ មន្ត្រីទាំងអស់ ឱ្យខិតខំអនុវត្តតួនាទីភារកិច្ច និងបំពេញការងារដែលថ្នាក់ដឹកនាំ ប្រគល់ជូន ឱ្យទទួលបានជោគជ័យ សម្រាប់ឆ្នាំ២០២៣ ខាងមុខ និងឆ្នាំបន្តបន្ទាប់ទៀត៕/V-PC