ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ អគ្គិភ័យ ដែលឆាបឆេះកាស៊ីណូចំនួន២ក្រុមហ៊ុន នៅក្រុងប៉ោយប៉ែត បានទាក់ទាញកម្លាំងចម្រុះកម្ពុជា-ថៃយ៉ាងច្រើនលើសលប់ ជួយពន្លត់និងសង្គ្រោះជនរងគ្រោះ ។ សមាសភាពចម្រុះបែបនេះ មិនធ្លាប់មានពីមុនមកឡើយ។

មកទល់ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ អគ្គិភ័យដ៏មហន្តរាយមកដល់ខួប ១យប់នោះ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានសន្និដ្ឋានជាបឋមថា ជនរងគ្រោះស្លាប់ នឹងបន្តកើនឡើង ខណ:ជនរងគ្រោះ របួសស្រាល និងធ្ងន់ឡើងដល់ជាង ៦០ នាក់នោះ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសារព័ត៌មានថាៈ ជនរងគ្រោះស្លាប់បានកើនដល់ ១៩ នាក់ របួស ៥៣ នាក់ និងជាង ៧០ នាក់ទៀត ត្រូវសង្គ្រោះឱ្យមានសុវត្ថិភាព ។

ចំណែកលោក វ៉ា ជឹមសារ៉េត ចៅសង្កាត់ផ្សារកណ្តាល បានឱ្យដឹងថាៈ ប្រភពពីក្រុមការងារថា សពដែលបានបញ្ជូនទៅធ្វើកោសល្យវិច័យនៅវត្តស្រះត្រាច ក្នុងក្រុង មានចំនួន ១១ នាក់ ក្នុងនោះមានជនជាតិថៃ ៩ នាក់ ចិនម្នាក់ នេប៉ាល់ ១នាក់ ។

ចំណែកមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរ ដែលជាក្រុមរុករកសង្គ្រោះ បានកំពុងបន្តស្វែងរកសព និងជនរងរបួស នៅតាមបន្ទប់នានា នៃកាស៊ីណូ និងសណ្ឋាគារជាង ២០ ជាន់ ។

ចំពោះមូលហេតុដែលនាំឱ្យកម្លាំងអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា-ថៃ ច្រើនលើសលប់ (ជាង១ពាន់នាក់) សហប្រតិបត្តិការ ក្នុងប្រតិបត្តិការសង្គ្រោះ និងគ្រប់គ្រងស្ថានការណ៍ អាចមកពីៈ ទី១-ទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំង ក៏ដូចជាផ្នែកឯកជនកម្ពុជា នៅខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃ) រហូតដល់ថ្នាក់ជាតិ។

ទី២-ដោយសារនៅកាស៊ីណូទាំងពីរ មានផលប្រយោជន៍ទាំងកម្ពុជា និងទាំងថៃ។ ព្រោះកាស៊ីណូទាំងពីរក្រុមហ៊ុន គឺកាស៊ីណូដាយមេនរីសត Royal G Club ឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort មានម្ចាស់ភាគហ៊ុន គឺរបស់ឈ្មោះ ចាវ កូនរបស់ថៅកែ វឌ្ឍនា ជានជាតិថៃ និងឈ្មោះសាអ៊ីម ជាក្មួយរបស់លោកឧកញ៉ា លី យ៉ុងផាត់ ជនជាតិខ្មែរ ។

ទី៣-ដោយសារបុគ្គលិក ភ្ញៀវក្នុងកាស៊ីណូនេះមានជនជាតិខ្មែរ ថៃ និងបរទេសច្រើន។

ទី៤- គោលនយោបាយមនុស្សធម៌ នៃប្រទេស ជិតខាង ជាពិសេសក្នុងតំបន់អាស៊ាន។

ហេតុនេះ បានជាមានកម្លាំងចម្រុះខាងផ្នែកសង្គ្រោះ ជាមួយមធ្យោបាយ សម្ភារៈ ឧបករណ៍ទំនើប ទាន់សម័យ និងច្រើនសន្ធឹករបស់ថៃបានមកជួយអន្តរាគមន៍។

រីឯក្រុមពន្លត់អគ្គិភ័យ និងសង្គ្រោះខាងកម្ពុជា មានច្រើនអង្គភាព តាំងពីថ្នាក់មូលដ្ឋាន សង្កាត់ ក្រុង ខេត្ត តំបន់ ភូមិភាគ និងថ្នាក់ជាតិ ។

សូមរំលឹកថា អគ្គិភ័យនៅកាស៊ីណូដាយមេនរីសត Royal G Clubឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នាក្រុងប៉ោយប៉ែត កើតឡើងកាលពីអំឡុងម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែធ្នូ ហើយ មកទល់យប់ ថ្ងៃទី២៩ ខែធ្នូ ក៏មិនទាន់រលត់ ឬគ្រប់គ្រងបាននៅឡើយទេ ៕/V-PC