ដោយៈ ប.ជ័យ -វង ធូ / បន្ទាយមានជ័យៈបណ្តាញអគ្គិសនី នៅប្លុកកាស៊ីណូ ក្រុងប៉ោយប៉ែត ត្រូវកាត់ផ្តាច់ដោយអន្លើ ដោយសារអគ្គិភ័យនៅកាស៊ីណូ ២ក្រុមហ៊ុន កាលពីម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនោះ។

មន្ត្រីអាជ្ញាធរ សមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុនកាស៊ីណូ បានប្រាប់រស្មីកម្ពុជា នាព្រលប់ថ្ងៃទី ២៩ ខែធ្នូថា: បណ្តាញអគ្គិសនី ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនអគ្គិសនីអានកូ ត្រូវកាត់ផ្តាច់ទាំងស្រុង នៅក្នុងកាស៊ីណូទាំងពីរក្រុមហ៊ុនដែលរងការឆាបឆេះ។
បណ្ដាញអគ្គិសនី ក៏បានត្រូវកាត់ផ្តាច់ផងដែរ នៅផ្នែកខ្លះនៃក្រុមហ៊ុនកាស៊ីណូ ក្បែរៗនោះ មានកាស៊ីណូក្រោម, កាស៊ីណូហូលីដេ ផាលេស , កាស៊ីណូត្រូពីកាណា, ផ្នែកខ្លះនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, អគារនៃក្រុមហ៊ុន អាជីវកម្ម និងលំនៅឋានពលរដ្ឋ នៅជាប់តំបន់ច្រកទ្វារព្រំដែនអន្តរជាតិ។

ទីតាំងទាំងនោះ ស្ថិតនៅភូមិក្បាលស្ពាន១ និងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បណ្តាញអគ្គិសនីទាំងនោះ មានប្រភពពីៈ ទី១ -មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក តាមខ្សែបញ្ជូននតង់ស្យុងមធ្យម (ដោយក្រុមហ៊ុនអគ្គិសនីអានកូ) ។ ទី២-មកពីប្រទេសថៃ និងពីក្នុងប្រទេសកម្ពុជា តាមខ្សែបញ្ជូនតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល។

សូមរំលឹកថា អគ្គិភ័យ នៅកាស៊ីណូដាយមេនរីសត Royal G Clubឬ Grand Diamond City និងកាស៊ីណូ Casino Poipet Resort នាក្រុងប៉ោយប៉ែត កើតឡើងកាលពីវេលាម៉ោងជាង ១១ យប់ថ្ងៃទី២៨ ខែធ្នូ ហើយ មកទល់ម៉ោង ៩ យប់ថ្ងៃទី២៩ ខែធ្នូ ក៏មិនទាន់រលត់ ឬគ្រប់គ្រងបានទាំងស្រុងនៅឡើយទេ៕/V-PC