ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចំនួនមនុស្សស្លាប់ពីព្យុះព្រិលដែលបានវាយប្រហារអាម៉េរិកតាំងពីពេលបុណ្យគ្រីសម៉ាសបានកើនដល់យ៉ាងតិច៦១នាក់គិតត្រឹមថ្ងៃព្រហស្បតិ៍។
មន្ត្រីអាម៉េរិកលោកម៉ាក ផូលឹនខាស៍(Mark Poloncarz )បាននិយាយថាអ្នកស្លាប់ពីរនាក់ទៀតត្រូវបានរកឃើញនៅតំបន់ញូវយ៉កខាងលិចដែលរងការវាយប្រហារពីព្យុះព្រិលខ្លាំងបំផុតប្រចាំសតវត្សរ៍ ជាហេតុនាំអោយចំនួនជនរងគ្រោះដល់ជីវិតនៅទូទាំងរដ្ឋញូវយ៉កឡើងដល់៣៩នាក់។
លោក ផូលឹនខាស៍ បាននិយាយថា អ្នកស្លាប់១៧នាក់ត្រូវបានរកឃើញនៅក្រៅផ្ទះ ១១នាក់នៅក្នុងផ្ទះ បួននាក់នៅក្នុងរថយន្ត បួននាក់ស្លាប់ក្នុងអំឡុងពេលចូកកាយព្រិលចេញនិងបីនាក់ស្លាប់ដោយសារតែផ្នែកឆ្លើយតបគ្រាអាសន្នចូលទៅជួយមិនទាន់។
ជនរងគ្រោះប្រាំបួននាក់ទៀតត្រូវបានរាយការណ៍ថា បានស្លាប់ដោយគ្រោះថ្នាក់រថយន្តបណ្តាលមកពីព្យុះនិងទឹកកកនៅក្នុងរដ្ឋអូហាយអូ ។
ពួកមន្ត្រីនៅក្រុងញូវយ៉កបាននិយាយថា ស្ថានភាពព្យុះទឹកកកឥឡូវបានប្រសើរឡើងវិញបន្តិច តែនៅពេលសីតុណ្ហភាពឡើងក្តៅនិងព្រិលចាប់ផ្តើមរលាយ នាំអោយមានការព្រួយបារម្ភអំពីទឹកជំនន់វិញម្តងតែលោកផូលឹនខាស៍បាននិយាយថា«វាមិនពេកអាក្រក់ទេ។ការជន់លិចទំនងជាតិចតួច»។លោកបានបន្តថា ចរន្តអគ្គិសនីក៏ត្រូវបានស្តារឡើងវិញសំរាប់អ្នកស្រុកទាំងអស់ក្នុងខណ្ឌ។
ព្យុះព្រិលកាលពីចុងសប្តាហ៍ក៏បានបញ្ជូនអាកាសធាតុត្រជាក់ខុសធម្មតាទៅកាន់រដ្ឋនានាដូចជា តិចសាស់និងផ្លរីដាព្រមទាំងបង្កភាពវឹកវរក្នុងការធ្វើដំណើរតាមផ្លូវអាកាស ដោយជើងហោះហើររាប់ពាន់ត្រូវលុបចោល៕
ស្ថានភាពធ្លាក់ព្រិលទឹកកកបានវិលមកល្អប្រសើរបន្តិចវិញ តែពួកមន្ត្រីបារម្ភអំពីការជន់លិចពេលព្រិលរលាយ