ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មីស៊ីលរុស្ស៊ីថ្មីៗជាច្រើនបានវាយប្រហារអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី២៩ធ្នូដោយមនុស្សយ៉ាងតិចបីនាក់ត្រូវបានសម្លាប់និងដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ភាគច្រើននៅមុនថ្ងៃចូលឆ្នាំសកល។
ដំបូងឡើយ បេឡារូសបាននិយាយថា មីស៊ីលរបស់អ៊ុយក្រែនបានធ្លាក់មកលើទឹកដីរបស់ខ្លួន ដែលបង្កឱ្យមានការតវ៉ាផ្នែកការទូតនិងនាំអោយមានការលើឡើងពីរដ្ឋាភិបាលក្រុងគៀវថាឧបទ្ទវហេតុនេះប្រហែលជាត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលក្រុងមូស្គូ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ការផ្ទុះជាច្រើនត្រូវបានរាយការណ៍នៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងនៅទីក្រុងគៀវ ទីក្រុងធំទីពីរខាគីវនៅភាគខាងកើត និងទីក្រុងភាគខាងលិច ល្វីវ (Lviv)ក្បែរព្រំដែនជាមួយប៉ូឡូញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក ដេនីស ម៉ូណាស្ទីស្គី (Denys Monastyrskyi) បាននិយាយអំពីការបាញ់ប្រហារនេះថា “យើងមានមនុស្សបីនាក់ស្លាប់ និងប្រាំមួយនាក់រងរបួស ក្នុងនោះមានកុមារម្នាក់”។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា តំបន់ភាគច្រើនគ្មានថាមពលនៅក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង បន្ទាប់ពីការបាញ់ស្រោចនេះ។
មេដឹកនាំអ៊ុយក្រែនបាននិយាយថា “វាមានការលំបាកណាស់ ជាពិសេសនៅក្នុងតំបន់ទីក្រុងគៀវនិងរដ្ឋធានី តំបន់ទីក្រុងល្វីវ តំបន់ទីក្រុងអូដេសសា និងតំបន់ទីក្រុងឃើសុន តំបន់ទីក្រុងវីននីតសៀ (Vinnytsia) និងត្រាន់ស្កាផាធៀ (Transcarpathia)”។
មីស៊ីលបានវាយប្រហារដល់តំបន់ភាគខាងលិច អ៊ីវ៉ាណូហ្វ្រែងគីវ (Ivano-Frankivsk) នៅឯជើងភ្នំខាផាធៀន (Carpathian) ដ៏ស្រស់ស្អាត ដែលមានចម្ងាយជិត ១.០០០គីឡូម៉ែត្រពីប្រទេសរុស្ស៊ី។
ឧត្តមសេនីយ៍ វ៉ាល់ឡឺរី ហ្សាលូស្ន៊ី (Valeriy Zaluzhny) អគ្គមេបញ្ជាការរបស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលនាំផ្លូវ ៦៩ គ្រាប់ ក្នុងនោះ ៥៤ គ្រាប់ត្រូវបានបាញ់ទម្លាក់៕
មីស៊ីលរុស្ស៊ីបានកម្ទេចហេដ្ឋារចនាសម្ពន្ធអ៊ុយក្រែនឥតឈប់ឈរ