ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២បានបញ្ចប់ដោយជោគជ័យនៅក្លឹប Power Up PhnomPenh រាជធានីភ្នំពេញក្រោយគណៈកម្មការបច្ចេកទេសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាចំនួនប្រាំមួយ។
អនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជាលោកទុយ ប៊ុនហឿនគូសបញ្ជាក់ថាដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជានិងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡាសហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានដំណើរការរៀបចំការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២។លោកបន្ដថា ការប្រកួតនេះមានអ្នកចូលរួមសរុបចំនួន៦៨នាក់ ក្នុងនោះកីឡាការិនី២៤នាក់ ប្រតិភូ គ្រូបង្វឹក១៥នាក់។
លោកប៉ែន វុទ្ធីអនុប្រធានទទួលបន្ទុករួមនាយកដ្ឋានអប់រំកាយនិងកីឡាបានកោតសរសើរនិងវាយតម្លៃខ្ពង់ចំពោះសហព័ន្ធកីឡាឡើងភ្នំកម្ពុជាដែលបានសហការគ្នារៀបចំការប្រកួតនេះបានដំណើរការដោយរលូនរយៈពេល៣ថ្ងៃ។ លោកបញ្ជាក់ថា នេះជាការផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីបានបញ្ចេញនូវទេពកោសល្យសមត្ថភាពក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេសដែលកីឡាករកីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមកនិងការត្រៀមប្រកួតជាលក្ខណៈអន្តរជាតិនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។
លោកបានលើកឡើងពីលទ្ធផលរបស់កីឡាករកីឡាការិនីដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំមានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។
ក្នុងនាមនាយកដ្ឋានជំនាញនៃក្រសួងអប់រំយុវជននិងកីឡាលោក ប៉ែន វុទ្ធី បាន ផ្តល់អនុសាសន៍មួយចំនួនជូនដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដូចជា៖ ខិតខំបន្តទៀត ពង្រឹងការដឹកនាំដោយអនុវត្តន៍ទៅតាមលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធដែលបានចែង។ ពង្រឹង និងពង្រីកក្លឹបនៅតាមបណ្តាខេត្តនានា ទាំងភ្នំធម្មជាតិ និងភ្នំសិប្បនិម្មិត (Climbing Gym)៕/R