ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ការិយាល័យជំរឿនសហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩ធ្នូថា ចំនួនប្រជាជនពិភពលោកត្រូវបានព្យាករណ៍ថានឹងមាន ៧,៩ពាន់លាននាក់នៅថ្ងៃចូលឆ្នាំថ្មី ២០២៣ ជាមួយនឹងការបន្ថែមចំនួនមនុស្ស ៧៣,៧ លាននាក់ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីឆ្នាំ ២០២២។
នោះគឺជាការកើនឡើង ០,៩ ភាគរយនៃចំនួនប្រជាជនពិភពលោកក្នុងអំឡុងឆ្នាំកន្លងទៅ។ ការិយាល័យជំរឿនបាននិយាយថា ក្នុងអំឡុងខែមករា ឆ្នាំ ២០២៣ កំណើតចំនួន ៤,៣និងការស្លាប់ពីរនាក់ត្រូវបានរំពឹងកើតឡើងនៅទូទាំងពិភពលោករៀងរាល់វិនាទី។
ចំនួនប្រជាជនអាម៉េរិកនៅថ្ងៃចូលឆ្នាំថ្មីឆ្នាំ ២០២៣ ត្រូវបានព្យាករណ៍ថានឹងមានចំនួន ៣៣៤,២ លាននាក់ ជាមួយនឹងការបន្ថែមមនុស្សចំនួន ១,៥ លាននាក់ចាប់តាំងពីថ្ងៃចូលឆ្នាំថ្មីឆ្នាំ ២០២២ ឬ កើនឡើងតិចជាងកន្លះភាគរយ។
សហរដ្ឋអាម៉េរិកត្រូវបានព្យាករណ៍ថានឹងមានកំណើតម្នាក់រៀងរាល់ប្រាំបួនវិនាទី និងការស្លាប់ម្នាក់រៀងរាល់ ១០ វិនាទីក្នុងខែមករា ឆ្នាំ ២០២៣។
ការធ្វើចំណាកស្រុកអន្តរជាតិសុទ្ធត្រូវគេរំពឹងថានឹងបន្ថែមមនុស្សម្នាក់ទៅចំនួនប្រជាជនអាម៉េរិករៀងរាល់ ៣២ វិនាទី។ ការរួមបញ្ចូលគ្នានៃកំណើត ការស្លាប់និងការធ្វើចំណាកស្រុកអន្តរជាតិសុទ្ធបានបង្កើនចំនួនប្រជាជនអាម៉េរិកម្នាក់រៀងរាល់ ២៧ វិនាទី នេះបើយោងតាមការិយាល័យជំរឿន៕
ឥណ្ឌាត្រូវរំពឹងថានឹងវ៉ាហួសចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតក្នុងឆ្នាំ២០២៣