ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ​លោក កែវ សុវណ្ណារ៉ា ប្រធានកិត្តិយស សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំខេត្តកំពង់ឆ្នាំង និងលោក គូរ ដារា ប្រធានប្រតិបត្តិ នៃសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំខេត្តកំពង់ឆ្នាំង អមដំណើរ ដោយលោកប្រធាន អនុប្រធាន លេខាធិការដ្ឋាន លោកប្រធានប្រតិបត្តិ តាមបណ្ដាក្រុង-ស្រុក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣​ ដែលជិតមកដល់។

នៅក្នុងឱកាសនេះ លោកប្រធានប្រតិបត្តិ បានរាយការណ៍ជូនលោកអភិបាលខេត្ត ស្តីអំពីលទ្ធផលបំពេញការងាររបស់សមាគម ដែលបានធ្វើកន្លងមក និងបញ្ហាប្រឈម មួយចំនួន។

ឆ្លៀតក្នុងឱកាសនេះ លោក ស៊ុន សុវណ្ណារិទ្ធ បានផ្ដល់ជាអនុសាសន៍ល្អៗជាច្រើន សម្រាប់ការអនុវត្តការងារសប្បុរសធម៌ ក៏ដូចជា សកម្មភាពផ្សេងៗ ដែលបម្រើដល់ ផលប្រយោជន៍សង្គមជាតិទាំងមូល  ព្រមទាំងបានកោតសរសើរយ៉ាងខ្លាំង ដល់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបានចូលរួមចំណែកជួយដល់ រាជរដ្ឋាភិបាល ក្នុងការចុះជួយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។

ដើម្បីជាការលើកទឹកចិត្ត លោកអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានឧបត្ថម្ភអង្ករ ចំនួន ៣តោន និងភេសជ្ជៈចំនួន ២០កេះ ដើម្បីចូលរួមចំណែកជាមួយ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ លើកិច្ចការងារមនុស្សធម៌ បន្តទៅមុខទៀត ក្នុងឆ្នាំ២០២៣ ដែលអង្ករគឺជាអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន និងលោកអភិបាលខេត្ត៕ V / N