ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់សកល ជើងឯកជាតិឆ្នាំ២០២២បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី២៩ ធ្នូ ម្សិលមិញនេះ។ការប្រកួតនេះ មានសមាគម ក្លិបចំនួន ១៦ ចូលរួម ដោយមានកីឡាករ ចំនួន ៨៣ រូប និងកីឡាការិនី ៦ រូប។ សម្រាប់កីឡាករ មាន ៩ ប្រភេទទម្ងន់គឺ ៤៨ គីឡូក្រាម ៥១ គីឡូក្រាម ៥៤ គីឡូក្រាម ៥៧ គីឡូក្រាម ៦០ គីឡូក្រាម ៦៣,៥០ គីឡូក្រាម ៦៧ គីឡូក្រាម ៧១ គីឡូក្រាម និងទម្ងន់ ៧៥ គីឡូក្រាម។ ចំពោះកីឡាការិនី មានតែ ២ ប្រភេទទម្ងន់ប៉ុណ្ណោះគឺ ទម្ងន់ ៥៤ គីឡូក្រាម និង ៥៧ គីឡូក្រាម។

ក្រសួងមហាផ្ទៃ ដែលឈរនៅលំដាប់កំពូលនោះ ដណ្ដើមបានមេដាយមាស ៣ គ្រឿងប្រាក់ ៤ គ្រឿង និងសំរិទ្ធ ២ គ្រឿង។ ខេត្តកណ្ដាល បានមេដាយមាស ២ គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ ២ គ្រឿង។ រាជធានីភ្នំពេញ មេដាយមាស ២ គ្រឿង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាស ២ គ្រឿង ក្រសួងការពារជាតិ មេដាយមាស ១ គ្រឿង។ ក្លិបសរសីកីឡា មេដាយមាស ១ គ្រឿង សំរិទ្ធ ១ គ្រឿង ក្លិបតាឡីដំរីមានរិទ្ធ មេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ៤ គ្រឿង។ ក្លិបវិបុលដារិទ្ធខ័ណ្ឌពោធិ៍សែនជ័យ និងក្លិបកងដឹកជញ្ជូន បានមេដាយប្រាក់ ១ គ្រឿង ដូចគ្នា។ ក្លិបព្រែកឯងកីឡា មេដាយសំរិទ្ធ ៤ គ្រឿង ក្លិបខេត្តមណ្ឌលគីរី មេដាយសំរិទ្ធ ៣ គ្រឿង ក្លិបតាឯកដំបងដែក ព្រៃវែង មេដាយសំរិទ្ធ ២ គ្រឿង។ ក្លិបខេត្តកំពត មេដាយសំរិទ្ធ ១ គ្រឿង ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ បានអះអាងថាៈ ការប្រកួតឆ្នាំនេះ ទាំងក្លិប ទាំងកីឡាករ កី ឡាការិនី មានការកើនឡើង តែកីឡាការិនី នៅមានការចូលរួមតិចតួច នៅឡើយ៕ V / N