​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​ធ្នូ​បាន​និយាយថា ខ្លួន​នឹង​តំរូវអោយ​អ្នកដំណើរ​មក​ពី​ចិន​ធ្វើតេស្តិ៍​រក​កូវី​ដ​១៩ ដោយ​ចូលរួម​ជាមួយ​អាម៉េរិក ជប៉ុន​និង​ប្រទេស​​មួយចំនួន​ទៀត​ដែល​បាន​ចាត់​វិធានការ​បង្ការ​ដូច្នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​សំរេច​ដក​ចេញ​គោលនយោបាយ​សូន្យ​កូវី​ដ​ភ្លាមៗ​ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា​ចិន​កំពុង​ផ្ទុះ​ជំងឺ​ក្តៅខ្លួន​​យ៉ាង​ជោរជន់​មន្ទីរពេទ្យ​។​

​នាយករដ្ឋមន្ត្រី​ហាន ឌុ​ក​-​ស៊ូ​(Han Duck-soo)​បាន​និយាយថា កូរ៉េខាងត្បូង​ក៏​នឹង​រឹតបន្តឹង​លើ​ការ​ចេញ​ទិដ្ឋាកា​រយៈពេល​ខ្លី​សំរាប់​អ្នកដំណើរ​ចិនរហូត​ដល់​ចុង​ខែ​មករា ហើយ​ផ្អាក​ការបង្កើន​ជើង​ហោះ​​ហើរ​មក​ពី​ចិន​ជា​បណ្តោះអាសន្ន ដោយ​ប្រើ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឆន់​(Incheon)​ជា​ច្រក​តែមួយគត់​សំរាប់​ជើងហោះហើរ​មក​ពី​ចិន​។​

​ចាប់​អនុវត្ត​ចាប់ពី​ថ្ងៃ​៥​មករា អ្នកដំណើរ​មក​ពី​ចិន​នឹង​តំរូវ​អោយ​បង្ហាញ​លទ្ធផល​តេស្តិ៍​អវិជ្ជ​មាន​កូវី​ដ​ដោយ​ប្រើ​ម៉ាស៊ីន​ធំ​PCR​នៅពេល​៤៨​ម៉ោង​ចុះ ឬ​ពិនិត្យ​ឧបករណ៍​តេ​ស្តិ៍រ​ហ័សនៅ​២៤​ម៉ោង​មុន​មកដល់​​កូរ៉េខាងត្បូង ។​ពេលមកដល់ អ្នកដំណើរមកពីចិនក៏តំរូវអោយ​ធ្វើតេស្តិ៍​រក​មេរោគ​ដោយ​ប្រើ​ម៉ាស៊ីន​ធំ​មួយ​លើ​ទៀត​។​

​លោក​ហាន​បាន​និយាយថា​«​ចាំបាច់​យើង​ត្រូវ​ត្រៀម​ផលប៉ះពាល់​ក្នុងស្រុកបន្ទាប់​ពី​ចិន​បន្ធូរបន្ថយ​ច្បាប់​ចត្តា​ឡី​ស័ក​។​យើង​ត្រៀម​ចាត់វិធានការ​ខ្លាំងក្លា​ឡើង​ក្នុងករណី​ដែល​សភាពការណ៍​វិវត្តកា​ន់តែ​​អាក្រក់​ទៅ​បើសិនជា​យើង​ឃើញ​ចំនួន​ឆ្លង​កាន់តែ​កើនឡើង​ក្នុងចំណោម​អ្នក​មក​ដល់​ថ្មី និង​ការលេចឡើង​វីរុស​បំ​ប្លែងខ្លួន​ថ្មី​ជាដើម​»​។​

​ចិន​នៅ​ខែ​ធ្នូ​នេះ បានចាប់ផ្តើម​ដកចេញ​របប​គ្រប់គ្រង​កូវី​ដ​១៩​ដ៏​តឹងរឹង​បំផុត​ក្នុង​លោក​របស់​ខ្លួន ដូចជា​បិទ​ខ្ទប់​ទីក្រុង​និង​ប្រមូល​មនុស្ស​មក​ធ្វើតេស្តិ៍​រក​មេរោគ​ក្នុង​ទ្រង់ទ្រាយ​ធំៗ រួម​ទាំង​ការ​ធ្វើ​ច​ត្តា​​ឡីស័​កនៅ​តាម​មណ្ឌល​ទៀតផង ជាហេតុ​នាំ​អោយ​លេចចេញ​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​អំពី​ការផ្ទុះ​ជំងឺ​នេះ​ខ្លាំង​ជា​ថ្មី​នៅ​ចិន ហើយ​ប្រទេស​មួយចំនួន​បាន​ចាត់​វិធានការ​បង្ការ​៕

​នាយករដ្ឋមន្ត្រី​ហាន ឌុ​ក​-​ស៊ូ​បាន​និយាយថា កូរ៉េខាងត្បូង​នឹង​ប្រើ​អាកាសយានដ្ឋាន​អន្តរជាតិ​អ៊ី​ន​ឆន់​ជា​ច្រក​តែមួយគត់​សំរាប់​ជើងហោះហើរ​មក​ពី​ចិន