ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ប្រជាការពារ ត្រូវបានយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ មិនថា ថ្នាក់ដឹកនាំនៅពេលនេះ ឬថ្នាក់ដាក់នាំ នៅជំនាន់ក្រោយៗទៀតនោះទេ ដោយសារតែ ប្រជាការពារទាំង១៤ខណ្ឌ បានលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ អាចរកស៊ី ទទួលទានបាន និងដើរលេងកម្សាន្ត ដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។

នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូន កងកម្លាំងប្រជាការពារ របស់រាជធានីភ្នំពេញ ចំនួនជាង ៧០០ នាក់ នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថាៈ ប្រជាការពារ នៅរាជធានីភ្នំពេញ បានលះបង់ នូវកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថាៈ ប្រជាការពារការទាំងអស់ សម្រាប់ថ្នាក់ដឹកនាំ នៅពេលនេះ ឬថ្នាក់ដាក់នាំ នៅជំនន់ក្រោយៗទៀត គឺនៅតែគាំទ្រ និងលើកទឹកចិត្តបងៗ ពូៗ រហូត ដោយសារតែបងៗ និងពូៗទាំងអស់នេះហើយ ជាអ្នកលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បី ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកផ្តល់ឱកាស ឱ្យប្រជាពលរដ្ឋ អាចរកស៊ីទទួលទានបាន និងការដើរលេងកម្សាន្ត ដោយភាពសប្បាយ រីករាយ មិនមានការព្រួយបារម្ភ។ ជាក់ស្តែង ខណៈរាជធានីភ្នំពេញ កំពុងប្រឈមមុខ និងការរីករាលជាលជំងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗ មួយចំនួនទៀត នាពេលកន្លងមកនេះ បងៗ និងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាព ជូនប្រជាពលរដ្ឋ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រតិភូ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍ដែរថាៈ ការសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនប្រជាការពាររបស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលនេះ គឺពិតជាការ បង្ហាញឲ្យឃើញ អំពីមនោសញ្ជេតនា ស្រឡាញ់រាប់អាន​ ការផ្ដល់តម្លៃ និងការគិតគូរ ជាប្រចាំ សម្រាប់បងប្អូនប្រជាការពារ នៅរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានបន្តទៀតថាៈ ប្រជាការពារ ជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែក ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានសង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ។ កម្លាំងប្រជាការពារ ជាជំនួយការការងារ យ៉ាងសំខាន់របស់ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ទៅលើការងារមួយចំនួន ដូចជាការងារសម្រួល ចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមជាដើម ។

បន្ថែមពីលើនេះទៀត ប្រជាការពារ ក៏ជាអ្នកប្រយុទ្ធប្រឆាំង យ៉ាងខ្លាំងក្លាផងដែរ ទៅនឹងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ រហូតធ្វើឱ្យប្រទេសកម្ពុជា បើកដំណើរការសេដ្ឋកិច្ច ជាប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថាៈ អំណោយដែលផ្តល់ជូនប្រជាការពារ ទាំងជាង ៧០០ នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗ ទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ និងថវិកាចំនួន ៥ ម៉ឺនរៀល៕/V/R