ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ត្រូវបានចាត់តាំងឱ្យផលិតរូបគំនូររបស់ប៉េឡេក្នុងឆ្នាំ ១៩៧៧ វិចិត្រករឈ្មោះ អែនឌី វ៉ាហូល (Andy Warhol) បាននិយាយថា”ប៉េឡេគឺជាមនុស្សម្នាក់ក្នុងចំណោមពីរបីនាក់ដែលផ្ទុយពីទ្រឹស្តីរបស់ខ្ញុំ ៖ ជំនួសឱ្យកិត្តិនាម ១៥ នាទី គាត់នឹងមានកិត្តិនាម ១៥ សតវត្សរ៍”។
វាសរុបនូវការកោតសរសើរដ៏ល្អសម្រាប់កីឡាករបាល់ទាត់ដែលត្រូវបានចាត់ទុកជាកីឡាករដ៏អស្ចារ្យបំផុតមិនធ្លាប់លេងនៅលើទីលាន និងជាមនុស្សដែលពិភពលោកកំពុងកាន់ទុក្ខបន្ទាប់ពីការស្លាប់របស់គាត់នៅអាយុ ៨២ ឆ្នាំ។
ប៉េឡេត្រូវបានចាត់ទុកដោយសហសម័យរបស់គាត់ថាជាកីឡាករឆ្នើមបំផុត ប៉ុន្តែកិត្តិយសសម្រាប់កីឡាករប្រេស៊ីលរូបនេះបានពង្រីកយ៉ាងល្អហួសពីកីឡដ្ឋាន និងចូលទៅដល់ពិភពនៃកីឡាផ្សេងទៀត នយោបាយ និងវប្បធម៌ប្រជាប្រិយ។
គ្មាននរណាម្នាក់អាចចងចាំបានច្បាស់អំពីរបៀបដែលលោក អេដសុន អារ៉ាន់តេស ដូ ណាស៊ីមិនតូ (Edson Arantes do Nascimento) បានក្លាយទៅជាឈ្មោះប៉េឡេ (Pele) នោះទេ ប៉ុន្តែពាក្យទាំងបួនអក្សរនេះបាននាំមកនូវការទទួលស្គាល់និងការគោរពនៅគ្រប់ជ្រុងនៃពិភពលោក។
មានពេលមួយអ្នកយកព័ត៌មានបានសួរប៉េឡេថាតើកិត្តិនាមរបស់គាត់អាចប្រៀបផ្ទឹមទៅនឹងព្រះយេស៊ូវបានដែរឬទេ គាត់បានឆ្លើយថា “មានផ្នែកខ្លះនៃពិភពលោកដែលព្រះយេស៊ូវមិនមានអ្នកស្គាល់ទេ”។
អាជីពនៃការស៊ុតបញ្ចូលទីឥតឈប់ឈរបានចាប់ផ្តើមនៅអាយុ ១៥ ឆ្នាំ។ នៅអាយុ ១៧ ឆ្នាំ ប៉េឡេគឺជាម្ចាស់ជ័យលាភីពានវើលខាប់។ គាត់បានជំរុញប្រេស៊ីលឱ្យឈ្នះពានពីរទៀតគឺក្នុងឆ្នាំ ១៩៦២ និង ១៩៧០។
នៅចុងបញ្ចប់ គាត់បានស៊ុតបញ្ចូលទីបាន ១.២៧៩ គ្រាប់ក្នុង ១.៣៦៣ ប្រកួត ដែលត្រូវបានទទួលស្គាល់ថាជាកំណត់ត្រាពិភពលោកហ្គីនណេស ត្បិតមានការជំទាស់ដោយមនុស្សជាច្រើនព្រោះវារួមបញ្ចូលទាំងការប្រកួតមិត្តភាព។
ប៉ុន្តែជីវិតរបស់ប៉េឡេនៅឆ្ងាយពីទីលានគឺមានពណ៌ស្រស់បំព្រងដូចអាវពណ៌លឿងដ៏ល្បីល្បាញរបស់ជម្រើសជាតិប្រេស៊ីលដូច្នេះដែរ។ គាត់បានរៀបការបីដង ដោយមង្គលការចុងក្រោយគឺនៅពេលគាត់មានអាយុ ៧៥ ឆ្នាំ ហើយគាត់ក៏មានស្រីលួចលាក់ជាច្រើននាក់ផងដែរ។ គាត់មានកូនយ៉ាងតិចប្រាំពីរនាក់ជាមួយម្តាយផ្សេងៗគ្នា។
អ្នកខ្លះបានលើកឡើងថា ប៉េឡេធ្វើឱ្យបាត់បង់នូវភាពបរិសុទ្ធនៃកេរដំណែលបាល់ទាត់របស់គាត់តាមរយៈការថតផ្សាយពាណិជ្ជកម្ម។ គាត់បានផ្សព្វផ្សាយអ្វីៗគ្រប់យ៉ាងចាប់ពីកូកា-កូឡារហូតដល់ថ្នាំសម្រើប Viagra ប៉ុន្តែទោះបីជាគាត់ស្ថិតក្នុងចំណោមអត្តពលិកដែលរកចំណូលបានច្រើនជាងគេក្នុងសម័យរបស់គាត់ក៏ដោយ ក៏ប្រាក់ចំណូលរបស់គាត់នៅតែទាបខ្លាំងបើធៀបទៅនឹងសក្តានុពលនៃការរកប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍របស់តារាកីឡាសព្វថ្ងៃ។
ឆ្នាំចុងក្រោយរបស់គាត់ត្រូវបានញាំញីដោយបញ្ហាសុខភាព ហើយការវះកាត់ត្រគាកមិនជោគជ័យបានធ្វើឱ្យគាត់មិនអាចដើរហើរទៅណាបានដោយគ្មានជំនួយពីរទេះរុញ។ នៅខែកញ្ញា ឆ្នាំ ២០២១ គាត់បានទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់គាត់។
លោក មីសែល ប្លាទីនី (Michel Platini) ជាអតីតកីឡាករដ៏ល្បីល្បាញ បានកត់សម្គាល់ពីភាពខុសគ្នារវាងជីវិតនៅលើទីលាននិងក្រៅទីលានរបស់ប៉េឡេ យ៉ាងដូច្នេះថា “មានប៉េឡេជាកីឡាករបាល់ទាត់និងមានប៉េឡេជាបុរសពិត ប៉ុន្តែនៅពេលដែលគាត់លេងបាល់ទាត់ ប៉េឡេគឺជាព្រះ”។
ប៉េឡេជាក្មេងប្រុសធំដឹងក្តីក្នុងភាពក្រីក្រលំបាកនៅក្នុងតំបន់អនាធិបតេយ្យនៃទីក្រុងត្រេសខូរ៉ាខូស (Tres Coracoes) ដោយកើតមកជាកូនប្រុសរបស់កីឡាករបាល់ទាត់ ចាវ រ៉ាម៉ូស ដូ ណាស៊ីមិនតូ (Joao Ramos do Nascimento ឬ ហៅក្រៅថា Dondinho) និង លោកស្រី សេឡេស្តេ អារ៉ាន់តេ (Celeste Arantes)។
គាត់ត្រូវបានដាក់ឈ្មោះតាមអ្នកប្រាជ្ញាជនជាតិអាម៉េរិក ថូម៉ាស អេឌីសុន (Thomas Edison) ប៉ុន្តែដោយគ្មានអក្សរ ‘i’ តែយ៉ាងណាឈ្មោះហៅក្រៅដែលពិភពលោកស្គាល់គាត់ គឺអាចមកពីអសមត្ថភាពរបស់គាត់ក្នុងការបញ្ចេញសូរស័ព្ទឈ្មោះរបស់អ្នកចាំទីក្លិប Vasco da Gama លោក ប៊ីឡេ (Bile)។
ដោយស្នងហ្សែនជាអ្នកកីឡាបាល់ទាត់ពីឪពុករបស់គាត់ ប៉េឡេជាធម្មតាលេងបាល់នៅតាមផ្លូវដោយប្រើស្រោមជើងញាត់កាសែត។ នោះហើយជាចរិតធម្មជាតិរបស់កីឡាករបាត់ទាត់អស្ចារ្យ។
នោះគឺជាទេពកោសល្យពីធម្មជាតិរបស់គាត់។ គ្រូបង្វឹកក្រុមយុវជនរបស់ប៉េឡេបានអះអាងចំពោះនាយកក្លិបបាល់ទាត់ Santos ដ៏លេចធ្លោថា ក្មេងអាយុ ១៥ ឆ្នាំរូបនេះនឹងក្លាយជា “កីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក”។
គាត់គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងលីកនៅអាយុត្រឹមតែ ១៦ ឆ្នាំ ហើយគាត់បានស៊ុតបញ្ចូលទីសរុបចំនួន ៦៤៣ គ្រាប់ក្នុង ៦៥៩ ប្រកួតសម្រាប់ Santos ដែលជាក្លិបរបស់គាត់សម្រាប់រយៈពេល ១៨ ឆ្នាំរហូតដល់ឆ្នាំ ១៩៧៤ ខណៈក្លិបនេះបានគ្រប់គ្រងបាល់ទាត់ក្នុងស្រុករបស់ប្រេស៊ីល។
នេះជាចំនួនកំណត់ត្រានៃការស៊ុតបញ្ចូលទីសម្រាប់ក្លិបតែមួយរហូតដល់លីអូនែល ម៉េសស៊ី បំបែកកំណត់ត្រានេះបានជាមួយគ្រាប់បាល់ទី ៦៤៤ គ្រាប់របស់គាត់សម្រាប់ Barcelona ក្នុងខែធ្នូឆ្នាំមុន។
ប៉ុន្តែវាជាស្នាដៃរបស់ប៉េឡេសម្រាប់ប្រេស៊ីលនៅវើលខាប់ទេដែលធ្វើឱ្យគាត់មានឈ្មោះល្បីនិងត្រូវគេសាទរជាសកល។
នៅអាយុទើបតែ ១៧ ឆ្នាំគាត់បានមកដល់ការប្រកួតវើលខាប់ឆ្នាំ ១៩៥៨ នៅប្រទេសស៊ុយអែតជាមួយរបួសជង្គង់ ប៉ុន្តែមិត្តរួមក្រុមរបស់គាត់បានទទូចឱ្យដាក់គាត់ក្នុងឈុតជ្រើសរើសដំបូង។
នៅពេលនោះ គាត់គឺជាកីឡាករក្មេងជាងគេបំផុតដែលបានបង្ហាញខ្លួននៅវើលខាប់ ហើយបានស៊ុតបញ្ចូលទីពីរគ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈប្រេស៊ីលបានផ្តួលម្ចាស់ផ្ទះស៊ុយអែត ៥-២។
នោះគឺជាការប្រឹងប្រែងរបស់គាត់ ហើយប៉េឡេបានសន្លប់នៅស្នូរកញ្ចែបញ្ចប់ការប្រកួត ហើយត្រូវសង្គ្រោះដោយមិត្តរួម មុនពេលសម្រក់ទឹកភ្នែកជាមួយក្តីរីករាយ៕
ប៉េឡេជោគជ័យទាំងក្នុងនិងក្រៅទីលាន ជាពិសេសជីវិតផ្លូវភេទ