ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ចិនបានអះអាងថា ទិន្នន័យដែលខ្លួនចេញផ្សាយស្តីពីចំនួនស្លាប់ដោយកូវីដ១៩តែងតែមានតម្លាភាពទោះជាតួលេខអ្នកស្លាប់ផ្លូវការដោយកូវីដ១៩ទាបឆ្ងាយជាងតួលេខនៅក្នុងប្រទេសនានានិងចំពេលបណ្តាមន្ទីរពេទ្យរបស់ខ្លួនកំពុងជោរជន់ដោយអ្នកជំងឺក្តៅខ្លួនក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួរបាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ថាមន្រ្តីសុខាភិបាលជាន់ខ្ពស់មួយរូបបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការបញ្ចេញព័ត៌មានស្តីពីកូវីដ១៩ត្រូវបានធ្វើឡើងក្នុង«ស្មារតីបើកចំហ»។
អង្គការគ្រប់គ្រងជំងឺថ្នាក់ជាតិមួយបាននិយាយថា មានការឆ្លងថ្មីប្រមាណ៥.៥០០នាក់និងស្លាប់ម្នាក់កាលពីថ្ងៃសុក្រ តែបន្ទាប់ពីការឈប់ធ្វើតេស្តិ៍រកមេរោគទ្រង់ទ្រាយធំនិងការកំណត់លក្ខណវិនិច្ឆ័យថ្មីសំរាប់អ្នកស្លាប់ដោយកូវីដ១៩ តួលេខផ្សាយដោយរដ្ឋចិនលែងត្រូវបានគេជឿតទៅទៀតហើយ។អ្នកជំនាញការខ្លះបានប៉ាន់ស្មានថា ចំនួនស្លាប់អាចច្រើនដល់ទៅ៩.០០០នាក់ក្នុងមួយថ្ងៃ។
ឆាវ យ៉ាវវី(Jiao Yahui)មន្ត្រីនៅគណៈកម្មាធិការសុខាភិបាលជាតិបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា «ចិនតែងតែចេញផ្សាយព័ត៌មានស្តីការស្លាប់ដោយកូវីដ១៩និងករណីឆ្លងធ្ងន់ៗនៅក្នុងស្មារតីនៃការបើកចំហនិងមានតម្លាភាព»។
លោកឆាវ បាននិយាយថា ចិនរាប់បញ្ចូលឬចាត់ទុកថាស្លាប់ដោយកូវីដ១៩ លើអ្នកជំងឺណាដែលស្លាប់ដោយរោគផ្លូវដង្ហើមបង្កឡើងដោយវីរុសកូវីដ១៩ក្រោយពីការធ្វើតេស្តិ៍ឃើញថាជនរងគ្រោះមានវិជ្ជមានកូវីដ១៩ដោយប្រើម៉ាស៊ីនធំ ដោយខុសពីប្រទេសផ្សេងដែលរាប់បញ្ចូលថាស្លាប់ដោយកូវីដ១៩ដែរក្រោយការធ្វើតេស្តិ៍ឃើញវត្តមានជំងឺនេះនៅក្នុងខ្លួនជនរងគ្រោះក្នុងរយៈពេល២៨ថ្ងៃ។
«ចិនតែងតែគោរពលក្ខណវិនិច្ឆ័យបែបវិទ្យាសាស្ត្រសំរាប់កំណត់ការស្លាប់ដោយកូវីដ១៩ ចាប់តាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់ ដែលវាស្របនឹងលក្ខណវិនិច្ឆ័យរបស់អន្តរជាតិ»។
ក្រុមហ៊ុនវិភាគហានិភ័យសុខភាពAirfinityដែលមានមូលដ្ឋាននៅអង់គ្លេសបាននិយាយថា ខ្លួនវាយតំលៃថាបច្ចុប្បន្នមានអ្នកជំងឺកូវីដ១៩ស្លាប់មួយថ្ងៃប្រមាណ៩.០០០នាក់ក្នុងមួយថ្ងៃនិង១,៨លាននាក់ឆ្លងក្នុងមួយថ្ងៃៗផងដែរនៅក្នុងប្រទេសចិន ។ក្រុមហ៊ុនក៏បាននិយាយថា ខ្លួនរំពឹងថាត្រឹមចុងខែមេសាឆ្នាំ២០២៣ មនុស្ស១,៧លាននាក់អាចស្លាប់ដោយជំងឺឆ្លងនេះនៅចិន។
សូមបញ្ជាក់ថា ចិននៅសប្តាហ៍នេះបាននិយាយថាខ្លួននឹងបញ្ចប់ការធ្វើចត្តាឡីសំរាប់អ្នកចូលមកពីខាងក្រៅ ក្រោយការបោះបង់ចោលរបបគ្រប់គ្រងកូវីដ១៩ដ៏តឹងរឹងដែលបានអនុវត្តអស់ពេលជិតបីឆ្នាំ។ប្រទេសដែលមានប្រជាជនច្រើនបំផុតក្នុងលោកនេះក៏នឹងបន្ទាបចំណាត់ថ្នាក់កូវីដ១៩បច្ចុប្បន្នពីការឆ្លងកំរិតAមកកំរិតB។ការផ្លាស់ប្តូរនេះមានមិនមានន័យថា ចិនទុកអោយមេរោគឆ្លងនេះរាលដាលដោយសេរីទេ តែខ្លួនចង់រៀបចំប្រភពធនធានតំរង់ទៅកាន់ផ្នែកសំខាន់ៗបំផុតក្នុងការគ្រប់គ្រង និងព្យាបាលអ្នកកើតជំងឺ៕
រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងលុបចោលចត្តាឡីស័កសំរាប់អ្នកចូលស្រុក ជាហេតុនាំអោយប្រជាជនចិនសំរុកទិញសំបុត្រយន្តហោះធ្វើដំណើរទៅបរទេសដោយសារមិនខ្វល់នឹងការរឹតបន្តឹងពេលចូលមកវិញ