ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោក បានជំរុញឱ្យគណៈកម្មការផ្សារ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ ខណៈនៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក នាប៉ុន្មានថ្ងៃមុននេះ គ្រោះអគ្គិភ័យនេះ បានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ អស់ជាច្រើនខ្នង រួចមកហើយនោះ។

លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានជំរុញបែបនេះ នៅក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៣ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សា ខណ្ឌទួលគោក ។

លោក កែវ សុភា បានមានប្រសាសន៍ថា៖ បញ្ហាសន្តិសុខ ជារឿងសំខាន់ ដែល អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច យើងត្រូវយកចិត្តទុកដាក់ ដើម្បីក្តីសុខរបស់ ប្រជាពលរដ្ឋ ហើយបញ្ហាអគ្គិភ័យ ក៏ជារឿងសំខាន់ ដែលយើងត្រូវយកចិត្តទុកដាក់ ខ្ពស់ផងដែរ ដោយប៉ុន្មានថ្ងៃកន្លងមកនេះ នៅរាជធានីភ្នំពេញ មានគ្រោះអគ្គិភ័យ កើតឡើងជាបន្តបន្ទាប់ ហើយនៅមូលដ្ឋានសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី២៦ ធ្នូ កន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋជាង ១០ គ្រួសារ ក៏ទទួលរង គ្រោះអគ្គិភ័យ នេះផងដែរ។ ដូច្នេះ លោកស្នើឱ្យគណៈកម្មការផ្សារ សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបង្ការទប់ស្កាត់គ្រោះអគ្គិភ័យនេះ ដោយត្រូវផ្សព្វផ្សាយ ឱ្យបានទំលំទូលាយ ជុំវិញវិធានការបង្ការ និងទប់ស្កាត់ គ្រោះអគ្គិភ័យនេះ។ បន្ថែមពីនេះទៀត បញ្ហាជំងឺកូវីដ-១៩ ក៏ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត ដោយសារជំងឺនេះ មិនទាន់សាបរលាបនៅឡើយទេ។

ក្នុងនាមអាជ្ញាធរ ត្រូវចុះណែនាំ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ ទៅបន្តការចាក់ វ៉ាក់សាំងការពារជងឺកូវីដ-១៩ និងវិធានការការពារជម្ងឺនេះ ព្រោះថា យើងអាចភ្លេច ជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនបានភ្លេចយើងនោះទេ៕ V / N