ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ​ ក្នុងនាមពលរដ្ឋខ្មែរមួយរូប លោក ស សុខា បានសម្តែង នូវការចូលរួមសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះករណីគ្រោះអគ្គិភ័យ ឆេះកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារព្រំដែន អន្តរជាតិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលបណ្តាលឲ្យមានអ្នកបាត់បង់អាយុជីវិត និងរបួសធ្ងន់ស្រាល ព្រមទាំងខូចខាតទ្រព្យសម្បត្តិ ជាច្រើនអនេក។​ នេះបើតាម ហ្វេសប៊ុកលោក ស​ សុខា។

លោក ស សុខា បានបន្តថាៈ នៅក្នុងឧបទ្ទវហេតុអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចចម្រុះ របស់កម្ពុជា និងដោយមានការចូលរួមគាំទ្រពីភាគីថៃ បានជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ទើបអាចពន្លត់ភ្លើងបានទាំងស្រុង ។ បើទោះបីកម្លាំងសមត្ថកិច្ច បានខិតខំប្រឹងប្រែង ប្រថុយទាំងអាយុជីវិត ដើម្បីជួយសង្គ្រោះយ៉ាងណាក្តី ប៉ុន្តែជាអកុសល គ្រោះអគ្គីភ័យនេះ ក៏នៅតែឆក់យកអាយុជីវិត និងបង្ករបួសធ្ងន់ស្រាល ដល់បងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ គួរឲ្យសង្វេគ។ លើសពីនេះទៅទៀត គ្រោះអគ្គិភ័យនេះ ក៏បានបំផ្លិចបំផ្លាញនូវ ទ្រព្យសម្បត្តិ ជាច្រើនផងដែរ។

ជាថ្មីម្តងទៀត! លោក និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ ទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក៏សូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ​និងប្រសិទ្ធពរ ជូនបងប្អូនដែលរងរបួសធ្ងន់ស្រាលទាំងអស់ បាននិងកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា សូមឲ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរ ឡើងវិញ ដើម្បីវិលត្រឡប់ទៅជួបជុំគ្រួសារ ក៏ដូចជាប្រកបការងារផ្សេងៗ កុំបីខានឡើយ។

ជាមួយគ្នានេះដែរ លោក ស សុខា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា និងភាគីថៃ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងប្រថុយទាំងអាយុជីវិត ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ និងជួយសង្គ្រោះអាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីអគ្គិភ័យ ឆេះកាស៊ីណូ ហ្គ្រេនដាយមិន ដោយមិនគិតពីពេលវេលា និងការនឿយហត់៕ V / N