ដោយៈ ប.ខុន / ភ្នំពេញៈ នៅយប់ថ្ងៃទី៣០ និងយប់ថ្ងៃទី៣១ ខែធ្នូ អាកាសធាតុ ចុះត្រជាក់ខ្លាំង ជាងពេលកន្លងទៅ ជាមួយនឹងខ្យល់ខ្លាំង រហូតដល់ ២០ ម៉ែត្រ ក្នុងមួយវិនាទី និងមានរលកសមុទ្រខ្ពស់ៗ នៅពេលព្រឹក តែពេលថ្ងៃរសៀល ខ្យល់ថយឥទ្ធិពល មកធម្មតាវិញ នៅតំបន់សមុទ្រ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ថាៈ ចាប់ពីយប់ថ្ងៃទី៣០ ខែធ្នូ រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៣   ធាតុអាកាស ចុះត្រជាក់ខ្លាំង ជាងពេលកន្លងទៅ សម្រាប់តំបន់ខ្ពង់រាបភាគខាងជើង   ទំនាបកណ្តាល ភាគពាយព្យ សីតុណ្ហភាព ចុះប្រហាក់ប្រហែលនឹងតំបន់ខ្ពង់រាប ភាគខាងកើត។ ចំណុចដែលត្រជាក់ខ្លាំង មានដូចជានៅសំរោង គូលេន វាលវែង សែនមនោរម្យ និងតំបន់ជួរភ្នំដងរែក ដែលសីតុណ្ហភាព អាចចុះដល់រង្វង់កម្រិត ១៦ អង្សាសេ។

អ្នកនាំពាក្យក្រសួងជំនាញ ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅក្នុងពេល ពីរ បីថ្ងៃ ឆ្លងឆ្នាំ២០២២-២០២៣ នេះ ស្ថានភាពខ្យល់ជាទូទៅខ្លាំង ជាពិសេស តំបន់សមុទ្រ នៅពេលព្រឹក ខ្យល់មានល្បឿន រហូតដល់ ២០ ម៉ែត្រ ក្នុងមួយវិនាទី ជាមួយនឹងរលកសមុទ្រខ្ពស់ៗ តែដល់ពេលរសៀល ខ្យល់ចុះមកធម្មតាវិញ។ នៅក្នុងរយៈពេលនេះ មិនមានភ្លៀង កើតឡើងទេ តែអាចនឹងមានភ្លៀងធ្លាក់ នៅថ្ងៃទី៥ ឬទី៦ ខែមករា ឆ្នាំ២០២៣។

ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានជូនដំណឹង​ស្តីពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី២៨ ខែធ្នូ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថាៈ ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលទ្រនុង សម្ពាធខ្ពស់ ពីប្រទេសចិន ក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន ក្នុងកម្រិតមធ្យម ធ្វើឱ្យសីតុណ្ហភាព អប្បបរមា នៅកន្លែងខ្លះ នៃតំបន់ខ្ពង់រាប អាចចុះដល់រង្វង់កម្រិត ១៥ អង្សាសេ។

ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ​ ស្ថានភាពបែបធ្វើឲ្យតំបន់វាលទំនាប កណ្តាល មានសីតុណ្ហភាព អប្បបរមាពី ១៨ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣២ អង្សាសេ។

នៅតំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ១៥ ទៅ ១៩ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៨ ទៅ ៣២ អង្សាសេ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ពី ១៥ ទៅ ១៧ អង្សាសេ នាពេលព្រឹក និងយប់ ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ១៩ ទៅ ២២ អង្សាសេ សីតុណ្ហភាព អតិបរមាពី​ ២៩ ទៅ ៣២​ អង្សាសេ ។ V / N