ដោយៈ ឫទ្ធិស័ក្តិ/ភ្នំពេញ៖អភិបាលរងខេត្តកែប លោក ភូ លិ បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ដោយយកកែវស្រាគប់​បណ្ដាល​ឱ្យបែកចិញ្ចើមដេរចំនួន ១៦ថ្នេរ ។ ករណីបានកើតឡើង នៅក្នុងពិធីជប់លៀងឡើងតំណែងរបស់​លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មីកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

មន្ត្រីដែលនៅក្នុងហេតុការណ៍នេះបានឱ្យដឹងថា ស្ត្រីរងគ្រោះ​ឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែក​ក្រោម​ចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាក​ព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀន​មានឈ្មោះ ទ.ម.រ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងតំណែងរបស់ លោក អ៊ិន សៅ នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។ ជនរងគ្រោះ និង​បងប្អូន បានទទួលអាហាររួមតុជាមួយក្រុមគ្រួសារ​របស់លោក អ៊ិន សៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយ​នៅតុផ្សេង បានដើរមក​តុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹង និងបានថើប​ក្បាល​ឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន។ ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹម​ត្រូវទេ!។ ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុ​របស់ខ្លួនវិញ ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជន​រងគ្រោះ​ឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុង​ត្រឡប់​ទៅផ្ទះវិញ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាលឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹក​យកទៅ​មន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។ បន្ទាប់ពីធ្វើសកម្មភាព​ជាក់ស្ដែងយ៉ាងណា ក៏ដោយក៏សមត្ថកិច្ច នៅកន្លែងកើតហេតុ មិនបានឃាត់ខ្លួនលោក ភូ លិ នោះទេ។

ចំណែកលោកខាន់ សុផល ព្រះរាជអាជ្ញា នៃអយ្យការ​អមសាលា​ដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់​ថ្ងៃទី៣០ ខែធ្នូនេះនគរបាលយុត្តិធម៌មិនបានឃាត់​ខ្លួនលោក ភូ លិ នៅឡើយទេ ដោយបានបញ្ជាក់ថា លោក​បានដឹង​រឿងនេះហើយ។រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់​ការ​របស់មន្ត្រីនគរបាលយុត្តិធម៌នៅឡើយ។ នគរបាលយុត្តិធម៌ គេកំពុងមានចំណាត់ការ។

លោក ភូ លិ អភិបាលរងខេត្តកែប មិនអាចសុំការអត្ថាធិប្បាយ​បានទេ៕សរន/R