ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា ការតំរូវអោយធ្វើតេស្តិ៍កូវីដ១៩លើអ្នកដំណើរទៅពីចិននៅក្នុងប្រទេសជាច្រើននៅក្នុងលោកដើម្បីឆ្លើយតបនឹងកំណើននៃការឆ្លងនៅចិនជា«ការរើសអើង»។
ក្រោយបិទព្រំដែននិងអនុវត្តវិធានការគ្រប់គ្រងកូវីដ១៩ដ៏តឹងរឹងអស់ពេលជិតបីឆ្នាំ ចិនបានងាកមករកផ្លូវរស់នៅជាមួយកូវីដកាលពីថ្ងៃ៧ធ្នូ តែសញ្ញានៃការផ្ទុះជំងឺត្រូវបានឃើញនៅទូទាំងប្រទេសចិន។ប្រទេសខ្លះបានបង្ហាញការមិនជឿតួលេខផ្លូវការរបស់ចិនអំពីចំនួនឆ្លងនិងស្លាប់ប្រចាំថ្ងៃ ហើយជាការឆ្លើយតបប្រទេសអាម៉េរិក កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា អ៊ីតាលីនិងកោះតៃវ៉ាន់ តំរូវអោយមានការធ្វើតេស្តិ៍រកកូវីដពីអ្នកដំណើរទៅពីចិន។
ម៉ាឡេស៊ីនៅថ្ងៃនេះបាននិយាយថា ខ្លួននឹងពិនិត្យអ្នកដំណើរអន្តរជាតិទាំងអស់ដើម្បីរកសញ្ញានៃការក្តៅខ្លួន។
ដោយហៅការរឹតត្បិតលើអ្នកដំណើរចិននេះថា«គ្មានមូលដ្ឋានិងជាការរើសអើង»កាសែតគ្រប់គ្រងដោយរដ្ឋ Global Timesបាននិយាយក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា « បំណងពិតគឺបំផ្លិញបំផ្លាញកិច្ចខិតខំគ្រប់គ្រងកូវីដ១៩អស់ពេលបីឆ្នាំរបស់ចិននិងវាយប្រហារប្រព័ន្ធរបស់ប្រទេស»។
សូមបញ្ជាក់ថា ចិនឈប់តំរូវអោយអ្នកដំណើរចូលប្រទេសខ្លួនទៅកាន់កន្លែងធ្វើចត្តាឡីស័កចាប់ពីថ្ងៃ៨មករា ឆ្នាំក្រោយតែនៅតំរូវអោយមានការបញ្ជាក់ថាបានធ្វើតេស្តិ៍រកកូវីដនៅ៤៨ម៉ោងមុនចេញដំណើរ។
អ៊ីតាលីកាលពីថ្ងៃព្រហស្បតិ៍បានទទូចសុំអោយផ្នែកផ្សេងទៀតនៃសហភាពអឺរ៉ុបធ្វើដូចខ្លួន តែបារាំង អាល្លឺម៉ង់និងព័រទុយហ្កាល់បាននិយាយថាពួកគេមិនចាំបាច់ដាក់ការរឹតត្បិតថ្មីទេ នៅពេលអូស្ត្រាលីបានសង្កត់ធ្ងន់លើផលប្រយោជន៍សេដ្ឋកិច្ចជាមួយនឹងការវិលត្រឡប់នៃអ្នកទេសចរចិនវិលទៅកាន់អឺរ៉ុបវិញ។
ការចំណាយរបស់អ្នកទេសចរចិននៅទូទាំងពិភពលោកមុនពេលផ្ទុះកូវីដមានចំនួនជាង២៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
អាម៉េរិកបានលើកឡើងអំពីលទ្ធភាពនៃការបំប្លែងខ្លួនវីរុសកូវីដ១៩នៅពេលវាកំពុងឆ្លងពាសពេញប្រទេសដែលមានប្រជាជនច្រើនបំផុតលើលោកនេះ ព្រមទាំងមន្ទិលអំពីតម្លាភាពរបស់អាជ្ញាធរចិនទៀតផងស្តីពីទិន្នន័យកូវីដ១៩៕
ម៉ាឡេស៊ីនឹងចូលរួមជាមួយប្រទេសដទៃទៀត បង្កើនការពិនិត្យអ្នកដំណើរមកពីចិន