លោក​ផ​ម​ផេ​វ​និយាយថា បើ​អាមេរិក “​ដូច​ក្រុមជើងកាង​” អ៊ីចឹង​ពិភពលោក​ទាំងមូល​ក៏​ជា​ក្រុមជើងកាង​ដែរ​

1028
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ បាន​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​បង្កហេតុ​មួយ​ពី​កូរ៉េខាងជើង​ដោយនិយាយ​ថា ប្រសិនបើ​ការទាមទារ​របស់​រដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន​គឺ​ដូច “​ក្រុម​ជន​ជើងកាង​” នោះ​ពិភពលោក​ទាំងមូល​ក៏​ជា​ក្រុមជើងកាង​ដែរ​។​

​សុន្ទរកថា​របស់លោក​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​ទី​៨​កក្កដា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន​លោក ថា​រ៉ូ កូ​ណូ និង​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោក កាំ​ង ឃ្យុ​ង​វ៉ា ធ្វើឡើង​បន្ទាប់ពី​លោក​បញ្ចប់​កិច្ចចរចា ២ ថ្ងៃ​នៅ​ទីក្រុង​ព្យុងយ៉ាង​ជាមួយ​លោក គីម យ៉ុង​ឆុ​ល អតីត​ប្រធាន​ចារកម្ម និង​មន្ត្រី​កំពូល​របស់​បក្ស​កុម្មុយនីស្ត​កូរ៉េ​។​

​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់លោក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​គឺ​ដើម្បី​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នៅ​សិង្ហ​បុរី កាលពី​ថ្ងៃទី ១២ មិថុនា​។​

​ខណៈដែល​លោក​ផ​ម​ផេ​វ​កាលពី​ថ្ងៃ​សៅរ៍​បាន​សរសើរ “​ការរីកចម្រើន​លើ​បញ្ហា​ស្នូល​ស្ទើរតែ​ទាំងអស់​” ក្រសួងការបរទេសរ​បស់​កូរ៉េខាងជើង​បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​អាកប្បកិរិយា “​ដ៏​គួរឱ្យ​សោកស្តាយ​” របស់ខ្លួន​ក្នុងការ​ទាមទារ “​ជា​ឯកតោភាគី​និង​ដូច​ពួក​ជើងកាង​” ។​

​ទោះបីជា​យ៉ាងណាក៏ដោយ បេសកជន​អាមេរិក​រូបនេះ​កាលពី​ថ្ងៃអាទិត្យ​បាន​ទទូច​ម្តង​ហើយ​ម្តង​ទៀតថា លោក​គិតថា​កិច្ចចរចា​នេះ “​គឺមាន​ភាពស្មោះត្រង់​និង​មាន​ផលិតភាព​” ។​

​លោក​បាន​និយាយថា “​ខ្ញុំ​ទុកចិត្ត​ថា​ប្រធាន​គឹម​នឹង​ប្តេជ្ញា​អនុវត្តតាម​ការសន្យា​ដែល​គាត់​បានធ្វើ​”​។​

​លោក​បាន​បន្ថែមថា “​បើ​សំណើ​ទាំងនោះ​ដូច​ជើងកាង នោះ​ពិភពលោក​ទាំងមូល​គឺជា​ក្រុមជើងកាង​ដែរ ព្រោះ​វា​ជាការ​សម្រេច​ចិត្តជា​ឯកច្ឆន្ទ​នៅ UNSC អំពី​អ្វីដែល​ត្រូវ​សម្រេច​ឱ្យបាន​”​។ លោក​និយាយ​នេះ​គឺ​សំដៅលើ​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ពី​សំណាក់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃ ផ​ម​ផេ​វ

ទីតាំងផ្សាយពាណិជ្ជកម្ម