ដោយៈ ឫទ្ធិស័ក្តិ / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការព្រមានចាត់វិធានការ តាមច្បាប់ លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បើសិនជាមិនបញ្ឈប់នូវរាល់ សកម្មភាពប្រមូលផ្តុំ ជួបជុំសម្តែងមតិ មិនស្របតាមច្បាប់ ស្តីពីការធ្វើបាតុកម្មរបស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើបាតុកម្មមិនស្របច្បាប់ ដោយបានដើរហែរក្បួន ពីទីលានប្រជាធិបតេយ្យ មកសាលាដំបូងរាជធានីភ្នំពេញ យ៉ាងអនាធិបតេយ្យ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នេះ បានធ្វើលិខិតជម្រាបទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ លោក ឡុង រឹម សមាជិកគណៈកម្មាធិការនាយក នៃសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានី ភ្នំពេញ បានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹង អំពីការប្រមូលផ្ដុំ សម្តែងមតិ ដើម្បីទាមទារឱ្យមានការដោះលែង សកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សា អំពីសំណើខាងលើ ហើយបានឯកភាពគ្នា ធ្វើការកែសម្រួលកម្មវត្ថុ នៃលិខិតលេខ ០០៤ សគកឯ ខាងលើ ឱ្យស្របតាមលក្ខន្តិកៈ របស់សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ ដែលបានតម្កល់ទុក នៅក្រសួងមហាផ្ទៃ និងដែលត្រូវបានធ្វើវិសោធនកម្ម នៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ០៨២ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី។

លោកបានបន្តថាៈ ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានី ភ្នំពេញ បានទទួលលិខិតលេខ ០០៥ សគកឯ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការជូនដំណឹងជាថ្មី ស្តីពីការប្រមូលផ្តុំសម្ដែងមតិ​របស់សមាគមគ្រូបង្រៀន កម្ពុជាឯករាជ្យ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញលោក និងលោកស្រី មកប្រជុំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធ បានពិនិត្យឃើញថា កម្មវត្ថុនៃការសម្តែងមតិនេះ មិនស្របនឹងមាត្រា ៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក និង លោកស្រី ក៏បានឯកភាពគ្នា ធ្វើការកែសម្រួលកម្មវត្ថុ នៃលិខិតស្នើសុំឱ្យស្រប តាមច្បាប់ ដោយបានចុះហត្ថលេខា លើកំណត់ហេតុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដូចមានក្នុងឯកសារយោងខាងលើ។

អភិបាលរងរាជធានីភ្នំពេញ បានបញ្ចាក់ថាៈ ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានធ្វើបាតុកម្មលើទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើង តាមដងផ្លូវ ឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ។ ទង្វើខាងលើនេះ ជាសកម្មភាពមិនស្រប ច្បាប់ ដូចខាងក្រោម៖
១៖ មិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ដោយសារលោក និងលោកស្រី មិនបានជូនដំណឹង​មករដ្ឋបាលរាជធានីភ្នំពេញ សារជាថ្មីឡើយ។
២៖ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដោយសារសកម្ម ភាពខាងលើ មិនបានជូនដំណឹង មកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានជាលាយលក្ខណ៍អក្សរ ចំពោះលោកស្រី អ៊ុក ឆាយ៉ាវី និងលោក ឡុង រឹម ហើយស្នើឱ្យបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពប្រមូលផ្ដុំ ជួបជុំសម្តែងមតិ ដែលមិនស្របតាមច្បាប់ ស្តីពីការធ្វើ បាតុកម្ម ដោយសន្តិវិធី។ ក្នុងករណីដែលលោក និងលោកស្រី នៅតែបន្តសកម្មភាព បែបនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានតាមផ្លូវច្បាប់ ជាធរមាន៕ V / N